(កំពង់ឆ្នាំង)៖ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម(ហៅវត្តក្រឡាញ់ចាស់) មានសង្ឃដីការអំពាវនាវដល់ពុទ្ធបរិស័ទត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតមាននៅក្នុងគ្រួសារ និងក្នុងសហគមន៍។
ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី មានសង្ឃដីការអំពាវនាវ យ៉ាងដូចនេះ នាថ្ងៃអង្គារ ១៤រោច ខែសាពណ៍ ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងពិធីបុណ្យសាលកភ័ត្តផ្កាសាមគ្គី នៅវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម(ហៅវត្តក្រឡាញ់ចាស់) ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយសទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្រ្តីសង្ឃស្រុក ព្រះចៅអធិការវត្តព្រមទាំងមានពុទ្ធបរិស័ទជិតឆ្ងាយចូលរួមផងដែរ។
ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី បានមានសង្ឃដីកាបញ្ជាក់ឱ្យដឹងទៀតថា គោលបំណងនៃពិធីបុណ្យសាលកភ័ត្តផ្កាសាមគ្គីនេះ ដើម្បីប្រគេនចង្ហាន់បិណ្ឌបាតសម្ភារៈសិក្សា ព្រមទាំងបរិក្ខារប្រើប្រាស់ផ្សេងៗ និងបវារណាបច្ច័យបួនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាម។
ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី បានបញ្ជាក់ទៀតថា ពិធីបុណ្យនេះដែរ ក៏ដើម្បីរក្សាទំនៀមទំលាប់ប្រពៃណីបុណ្យនេះ តាំងពីសម័យបុព្វកាលមកដើម្បីឱ្យពុទ្ធបរិស័ទបច្ចុប្បន្នបានយល់កាន់តែច្បាស់ និងរួមគ្នាថែរក្សាប្រពៃណីទំនៀមទំលាប់នេះឱ្យនៅគង់វង្សសំរាប់កូនចៅជំនាន់ក្រោយបន្តវេណទៀតផងដែរ។
ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី មានសង្ឃដីការបន្តទៀតថា ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជនដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នាដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាគ្រួសារ និងសង្គមជាតិ៕