(បន្ទាយមានជ័យ)៖ បង្កាន់ដៃជញ្ជាំងអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី បានបាក់រលំបណ្តាលឲ្យសង្កត់ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម ខណៈសមត្ថកិច្ចបានបញ្ជាក់ថាមិនមែនជាកំហុសរបស់អង្គភាព ឬបុគ្គលណាម្នាក់នៅមន្ទីរពេទ្យនេះឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនាវេលាម៉ោង ៦៖៣០នាទី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
មុនពេលកើតហេតុ លោក បាន សំរេច បានទៅថែរក្សាជំងឺម្តាយនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី គាត់បានយកអង្រឹងទៅចងនឹងភ្នាក់ដៃជញ្ជាំងថ្មនៃយ៉ខាងមុខអគារមួយ រួចអង្គុយយោលជាមួយកូនតូចឈ្មោះ សំរេច សៀវអា អាយុ១ឆ្នាំ ឯកូនម្នាក់ទៀតឈ្មោះ សំរេច សៀវអឺ អាយុ៦ឆ្នាំ នៅឈរលេងក្បែរចុងអង្រឹងនោះ ស្របពេលនោះស្រាប់តែជញ្ជាំងថ្មដែលមានបណ្តោយ ១.២ម៉ែត្រ និងទទឹង ១ម៉ែត្រ បានបាក់សង្កត់ទៅលើកូនឈ្មោះ សៀវអឺ បណ្តាលឲ្យស្លាប់តែម្តង។
ស្របពេលនោះបុគ្គលិកពេទ្យបានណែនាំ ហើយហាមអ្នកជំងឺ និងអ្នកកំដរតោង ឬអង្គុយ ឬចងអង្រឹងលើបង្កាន់ដៃអគារនោះ ព្រោះបារម្ភគ្រោះថ្នាក់បន្ត ប៉ុន្តែអ្នកជំងឺ និងក្រុមគ្រួសារបានរិះគន់ថា ករណីនេះអង្គភាពមន្ទីរពេទ្យគួរតែសរសេរផ្លាកបង្ការគ្រោះថ្នាក់ និងហាមប៉ះពាល់បង្គាន់ដៃនោះ ឬក៏ជួសជុលជាមុន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដូច្នេះ។
ទោះជាយ៉ាងណា ក្រោយគ្រោះថ្នាក់នោះ ខាងគ្រូពេទ្យបានខ្នះខ្នែងជួយសង្គ្រោះកុមាររងគ្រោះដែរ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេក មិនអាចជួយបានជាបន្ថែមទៀត មន្ទីរពេទ្យបានចាត់តំណាងឲ្យទៅចូលរួមបុណ្យសព និងចូលបុណ្យ ១លានរៀលដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា ករណីនេះ មន្ទីរមិនបានទទួលសេចក្តីរាយការណ៍ភ្លាមៗទេ ហើយទើបតែដឹងនៅពេលនេះ គឺជួនជាសមត្ថកិច្ចជំនាញយុត្តិធម៌បានបិទសំណុំរឿងទៅហើយ។
មន្ត្រីនគរបាលស្រុកមង្គលបុរី និងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីបាក់បង្កាន់ដៃភ្នាក់ដៃជញ្ជាំងយ៉នៃអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី បង្កសង្កត់ស្លាប់កូនក្មេងនោះ ត្រូវបានសមត្ថកិច្ចអង្កេតស្រាវជ្រាវលម្អិត ហើយបានលទ្ធផលថា ជាគ្រោះថ្នាក់ដោយឧបទ្ទហេតុ មិនមែនបង្កដោយមនុស្សឡើយ ហេតុនេះបានជាសមត្ថកិច្ចបិទសំណុំរឿងតែម្តង៕