(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៩ ខែសីហានេះថា លោកបានរៀបចំកម្លាំងគ្រប់ច្រកល្ហកនៅភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នាកំលុងពេលឈប់សម្រាករយៈពេល៥ថ្ងៃនេះ ខណៈការផ្សព្វផ្សាយវិធានការកូវីដ១៩ ក៏លោកបង្គាប់ឱ្យកម្លាំងជួយផ្សព្វផ្សាយតាមមូលដ្ឋានរៀងខ្លួនផងដែរ។
លោកអធិការបន្តថា លោកបានចាត់ចែងកម្លាំងរួចរាល់មុនពេលថ្ងៃឈប់សម្រាកមកម៉្លេះ ដោយបានដាក់ផែនការកម្លាំងចេញល្បាតទាំងយប់ថ្ងៃ ២៤ ម៉ោងលើ ២៤ ម៉ោង ពង្រាយកម្លាំងនៅតាមទីកន្លែងកម្សាន្តនានា វត្តអារាម និងទីប្រជុំជនផ្សេងៗទៀត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អ ចៀសវាងបញ្ហាណាមួយកើតឡើង។ លើសពីនេះទៀត កម្លាំងអន្តរាគមន៍ខាងអគ្គិភ័យបានត្រៀមរួចជាស្រេច ក្នុងការត្រៀមសង្រ្គោះបន្ទាន់ករណីមានអគ្គិភ័យណាមួយកើតឡើង។
គួរជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២០នេះ ត្រូវបានអាក់ខានដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយដោយផ្អាកការប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសម្តេចតេជោក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញផងដែរឱ្យឈប់សម្រាករយៈពេល៥ថ្ងៃផងដែរ៕