(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរបា នសម្រុកមកលេងខេត្តរតនគិរី មានចំនួន ២២,៥០២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន១០១នាក់ ផងដែរ។
លោកបានបន្តថា នៅថ្ងៃទី២ នៃការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ ផ្នែកសេវាកម្មស្នាក់នៅមាន១,១២៩បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់។ លោកបន្ថែមទៀតថា ការកើនឡើងនេះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយមានភាពងាយស្រួល ជាពិសេសនោះកត្តាសេដ្ឋកិច្ចក៏ជារឿងមួយសំខាន់ផងដែរ។ បើពួកគាត់មិនមានជីវភាពធូរធារទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកម្សាន្តបាននោះឡើយ។
ទាក់ទងនឹងវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានឱ្យដឹងផងដែរថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងសុខាភិបាល អាជ្ញាធរខេត្ត ដែលមានលោក ថង សាវុន ជាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តបានចាត់វិធានការយ៉ាងល្អប្រសើរ ដើម្បីអោយភ្ញៀវមានភាពកក់ក្តៅក្នុងចិត្ត គឺគ្រប់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងគ្រប់កន្លែងរមណីយដ្ឋានទេសចរណ៍នានា បានអនុវត្តយ៉ាងតឹងរុឹងនូវវិធានការសុខាភិបាលដូចជា៖ ម្ចាស់សេវាកម្មទាំងអស់ មុននឹងទទួលភ្ញៀវឱ្យចូលស្នាក់នៅ,ទទួលទានអាហារ និងចូលលេងកម្សាន្តសប្បាយ គឺបានធ្វើការវាស់កំដៅ ហើយគ្រប់បន្ទប់មានការបាញ់អាល់កុលសម្លាប់មេរោគ និងមានឡាបូ សាធារណៈសម្រាប់លាងសម្អាតដៃជាដើម។
លោកបានគូសបញ្ជាក់ថា ព្រមជាមួយនោះគ្រប់កន្លែងកម្សាន្តមានចាក់សារអប់រំតាមឃោសនស័ព្ទ និងមានដាក់ផ្ទាំងប៉ាណូធំៗ ដើម្បីជាការពញ្ញាក់ស្មារតីដល់ភ្ញៀវទេសចរចូលរួមការពារជំងឺដ៏កាចសាហាវនេះផងដែរ។
ដោយឡែកបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ទាំងការធ្វើដំណើរ, ការស្នាក់នៅរបស់ភ្ញៀវជាតិ-អន្តរជាតិគ្មានអ្វីកើតឡើងនោះទេ។ នេះគឺការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ៕