(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលទាមទារឲ្យដោះលែង លោក រ៉ុង ឈុន គ្មានឥទ្ធិពលអ្វីលើតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យនោះឡើយ។
ការលើកឡើងរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពី អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅ ថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយទាមទារឲ្យរាជរដ្ឋាភិបាលដោះលែង លោក រ៉ុង ឈុន និងអ្នកធ្វើបាតុកម្មដោយខុសច្បាប់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធ និងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។ ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធ និងទាមទារឲ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ»។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន លោកបន្តថា ការកំណត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្ខពួក ឬក្រុមសម្ព័ន្ធមិត្ត និងអង្គការដែលគាំទ្រ និងការពារសកម្មភាពខុសច្បាប់របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការ ដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់។
សម្រាប់លោក ជិន ម៉ាលីន, បើពិនិត្យទៅលើឈ្មោះអង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ ភាគច្រើនជាអង្គការសមាគមខ្យល់ ដែលមិនមានសកម្មភាពអ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ ដូច្នេះ លោកស្នើក្រសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញផងដែរទៅលើសកម្មភាពរបស់អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអំពីសុច្ចរិតភាព និងអព្យាក្រឹត្យភាពនយោបាយនៃសកម្មភាពរបស់ពួកគេ។
ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ក៏បានបង្ហាញចំណុចមួយចំនួន ជាចំណេះដឹងសម្រាប់យុវជន អំពីច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំតវ៉ា និងបញ្ចេញមតិ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលមិនច្បាស់លាស់ និងគ្មានមូលដ្ឋានរបស់អង្គការសង្គមស៉ីវិលមួយក្រុមនោះ រួមមាន៖
* រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពនៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែងបន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះ ត្រូវកំណត់ដោយច្បាប់។ ដូច្នេះ យើងត្រូវមើលរដ្ឋធម្មនុញ្ញឲ្យអស់ កុំមើលតែមួយផ្នែក រួមទាំងច្បាប់ទាំងឡាយដែលពាក់ព័ន្ធផងដែរ ដើម្បីអាចដឹងបានថាសកម្មភាពណាជាការអនុវត្តសិទ្ធិ និងសកម្មភាពណាជាការបំពានច្បាប់ ដែលអាចនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយជាយថាហេតុ។
* ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ តែផ្ទុយទៅវិញ ការជួបជុំតវ៉ាដោយមិនបានជូនដំណឹង និងសហការជាមួយសមត្ថកិច្ច បំពានវិធានការសន្តិសុខ សុវត្ថភាព និងសុខភាពសាធារណៈ បង្កជាអំពើហឹង្សា និងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន។
* ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិដោយបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រវតាមផ្លូវច្បាប់ដែលមានជាធរមាន។
* បញ្ហាព្រំដែនជាបញ្ហារសើប និងមានភាពស្មុកស្មាញ ហើយការបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែននេះ នឹងអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់ និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។
* ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់អំពីបញ្ហាព្រំដែន ជាជាងធ្វើឡើងដោយក្រុមសកម្មជន និងឈ្មួញនយោបាយដែលគ្មានជំនាញ ចំណេះដឹង និង
ការស្រាវជ្រាវទាល់តែសោះអំពីបញ្ហានេះ ដោយសូម្បីតែមើលផែនទីក៏មិនចេះមើលហើយមើលក៏មិនត្រូវជ្រុងផងដែរនោះទេ តែបែជានាំគ្នាទៅមើលលើផែនដីឯណោះទៅវិញ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ លោកត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្នសិន ដើម្បីបន្តនីតិវិធី។
គិតមកដល់ពេលនេះ អាជ្ញាធរក៏បានចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយសារពួកគេចេញធ្វើបាតុកម្ម ដោយខុសច្បាប់ ក្នុងការទាមទារឲ្យដោះលែង លោក រ៉ុង ឈុន៕