(សៀមរាប)៖ ខណៈដែល Pub Street ក្រុងសៀមរាប ត្រូវបានបើកដំណើរការឡើងវិញនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ក៏បានចុះត្រួតការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅតំបន់កម្សាន្តនេះ ព្រមទាំងបានបន្តផ្សព្វផ្សាយជំរុញឱ្យភ្ញៀវទេសចរ ម្ចាស់អាជីវកម្ម អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច អនុវត្តតាមការណែនាំរបស់នានាឱ្យខាងតែបាន។
តំបន់កម្សាន្ត Pub Street នេះ ត្រូវបានរដ្ឋបាលខេត្តផ្អាកជាបណ្តោះអាសន្នកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។ មូលហេតុគឺដោយសារមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី «សម្រាកសៀមរាប» ប៉ុន្តែក្នុងថ្ងៃនេះរដ្ឋបាលខេត្តបានសម្រេចឱ្យបើកដំណើរការវិញហើយ។
នាឱកាសចុះត្រួតពិនិត្យការងារនេះដែរ លោកអភិបាលខេត្តក៏បានណែនាំនូវអនុសាសន៍មួយចំនួន រួមមាន៖
* ទី១៖ សមត្ថកិច្ចត្រូវប្រចាំការសម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងសម្អាតដៃដោយអាល់កុលជាដើម។
*ទី២៖ អាជ្ញាធរមូលដ្ឋានដែលមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មផ្ទាល់ត្រូវកែសម្រួលការប្រគុំតន្ត្រី ដើម្បីជៀសវាងឲ្យមានការប្រមូលផ្តុំច្រើន។ ម្ចាស់អាជីវកម្មដ្ឋាននីមួយៗក៏ត្រូវពង្រឹងការអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ក្នុងកម្រិតខ្ពស់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។
គណៈកម្មការរៀបចំកម្មវិធី និងរដ្ឋបាលខេត្តសៀមរាប ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញចូលរួមកម្មវិធី «សម្រាកសៀមរាប» ក្នុងសប្ដាហ៍នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចងចាំនូវវិធានសុវត្ថិភាព ៣ចំណុច ដូចខាងក្រោម៖
១៖ កុំភ្លេចត្រៀមម៉ាស់ ឬក្រមា។
២៖ កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀមសាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)។
៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕