(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មរមណីយដ្ឋានទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។
វិធានសុវត្ថិភាពទេសចរណ៍មានដូចជា៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់មធ្យោបាយឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។
ក្រសួងទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យសហការចូលរួមចុះឈ្មោះក្នុងពេលចូលក្នុងរមណីយដ្ឋានទេសចរណ៍នានា ។
ក្រសួងទេសចរណ៍ សូមជូនពរទាំងអស់គ្នាសម្រាកកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព៕