(ភ្នំពេញ)៖ ក្នុងថ្ងៃទីបីនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៩ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣២៥,០៧៧នាក់ កើនឡើង ១៧.៣២% ធៀបនឹងថ្ងៃទីពីរ ហើយបើធៀបនឹងថ្ងៃទីមួយ គឺកើនឡើងដល់ទៅ ៣៩.៣២% ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតនៅតែមានអ្នកទៅលេងច្រើនជាងគេ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣២៥,០៧៧នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣២២,៣៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៦៩៧នាក់។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាបមានចំនួន ៤៥,៩០៦នាក់
* ខេត្តកំពតមានចំនួន ៤១,៨៧៥នាក់
* ខេត្តកែបមានចំនួន ៤០,៥៩៦នាក់
* ខេត្តបាត់ដំបងមានចំនួន ៣០,៧៤៥នាក់
* ខេត្តព្រះសីហនុមានចំនួន ២៥,៣៧៣នាក់
* ខេត្តពោធិ៍សាត់មានចំនួន ១៥,៦៣៣នាក់
* ខេត្តព្រះវិហារមានចំនួន ១៤,៣៨៥នាក់
* ខេត្តកណ្តាលមានចំនួន ១១,០៣៤នាក់
* ខេត្តកំពង់ឆ្នាំងមានចំនួន ១០,៤៣០នាក់
* ខេត្តរតនគិរីមានចំនួន ៩,៧០៤នាក់
* ខេត្តមណ្ឌលគិរីមានចំនួន ៨,៤៥៣នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា គឺមានចំនួន ៨៣៥,៤៨៤នាក់»

ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕