(ព្រៃវែង)៖ ក្នុងឱកាសឈប់សម្រាកការងារ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មកដល់ពេលនេះ មានបងប្អូនកម្មករ ពលករចំណាកស្រុកជាច្រើនបានវិលត្រឡប់មកជួបជុំគ្រួសារ ញាតិមិត្តនៅតាមមូលដ្ឋាន ក្នុងស្រុកកំណើត។

នៅស្រុកបាភ្នំ ក៏ដូចជាស្រុក ក្រុងដទៃទៀតក្នុងខេត្តព្រៃវែងដែរ ក្រុមការងារចំណាកស្រុក បានរៀបចំកម្មវិធីសំណេះសំណាល និងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនចំណាកស្រុក នៅតាមសាលារៀន វត្តអារាម និងកន្លែងសមស្របនានាក្នុងមូលដ្ឋាន។

ដោយឡែកនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក បាភ្នំ ក្រុមការងារបានរៀបចំកម្មវិធីសំណេះសំណាលជាមួយតំណាងបងប្អូនកម្មករ ពលករចំណាកស្រុក មកពីគ្រប់ភូមិទាំង ១០៨ ដោយមានការចូលរួមពីសំណាក់មេឃុំ ប្រធានភូមិ និងសមាជិកក្រុមការងារ សរុបអ្នកចូលរួមទាំងអស់មានប្រមាណជាង ៣០០ នាក់។

ពិធីនេះស្ថិតក្រោមអធិបតីភាពរបស់ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង និងជាប្រធានក្រុមការងារស្រុកបាភ្នំ។

ផ្តើមកម្មវិធីសំណេះសំណាលនេះ លោក ទេព ភារុន អភិបាលស្រុកបាភ្នំបានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលបូកសរុប សកម្មភាពរបស់ក្រុមការងារចំណាកស្រុកចុះសំណេះសំណាលនិងជួបប្រាស្រ័យផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក រួមទាំងក្រុមញាតិគ្រួសាររបស់ពួកគេ ក្នុងឱកាសឈប់សម្រាកការងារសងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមគណបក្សនិងរាជរដ្ឋាភិបាលបាន ថ្លែងការកោតសរសើរដោយស្មោះចំពោះបងប្អូនកម្មករ ពលករចំណាកស្រុកនិងក្រុមញាតិគ្រួសារ ដែលបានរួបរួមគ្នាចូលរួមជាមួយសង្គមជាតិទាំងមូល ដោយខិតខំប្រឹងប្រែង អត់ធ្មត់ ពុះពារ ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ធ្វើឱ្យយើងគ្រប់គ្រងបានស្ថានភាពសុខភាពសាធារណៈ និងជំនះបានជាមូលដ្ឋាននូវផលវិបាកទាំងឡាយ ដែលបណ្តាលមកពីការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាថ្មីនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងគូសបញ្ជាក់ពីបច្ចុប្បន្នភាព នៃសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ដែលទោះជាស្ថិតក្នុងបរិយាកាសនៃការប្រយុទ្ធប្រឆាំងកូវីដ១៩យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលដោយមានការគាំទ្រពីប្រជាជន នៅតែទ្រោលបានស្ថានភាពសេដ្ឋកិច្ច ធានាបានសន្តិភាពនិងស្ថេរភាព សង្គមយ៉ាងរឹងមាំ បង្កលក្ខណៈឱ្យសង្គមជាតិ បន្តមានការអភិវឌ្ឍ។

ទន្ទឹមនឹងការបន្តប្រយុទ្ធ ប្រឆាំងកូវីដ១៩ ក៏ដូចជាការបន្តពុះពារដោះស្រាយបញ្ហា ប្រឈមទាំងឡាយនាពេលបច្ចុប្បន្ន យើងក៏ត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្ន ទប់ស្កាត់រាល់ឧបាយកលរបស់មជ្ឈដ្ឋានអគតិដែលកំពុង ប្រើប្រាស់ល្បិចកល បោកបញ្ឆោតតាមវិធីឆ្លៀតឱកាសបែបប្រជានិយម សំដៅប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់ប្រជាជន។

ជាក់ស្តែងក្នុងពេលដែលយើងទាំងអស់គ្នា កំពុងជាប់ដៃប្រយុទ្ធប្រឆាំងកូវីដ១៩ ពួកគេមិនគ្រាន់តែជំរុញការឃោសនាអកុសល ច្រំដែលៗជុំវិញបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បញ្ហាព្រំដែន បញ្ហាជីវភាពរស់នៅរបស់ប្រជាជន។ល។ ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងឆ្លៀតប្រើប្រាស់ដោយខុសឆ្គង នូវសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ ញុះញង់បង្កចលនាក្នុងសង្គម ប៉ុនប៉ងបំផុសការបះបោរបំផ្លាញសន្តិសុខជាតិ។

ប៉ុន្តែទោះស្ថិតនៅក្នុងកាលៈទេសៈ និងស្ថានភាពណាក៏ដោយ យើងត្រូវមានជំនឿយ៉ាងមុតមាំ លើកំលាំងសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ ដោយសង្ឈឹមយ៉ាងមោះមុតថា យើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់ផលវិបាកនៃវិបត្តិកូវីដ១៩ ហើយសច្ចភាពរបស់យើងពិតជាឈ្នះមហិច្ឆតាអគតិទាំងពួង សំដៅរក្សាគង់វង្សសុខសន្តិភាព ស្ថេរភាព សុខមាលភាព និងវឌ្ឍនភាព របស់មាតុភូមិនិងប្រជាជនយើង៕