(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេចាត់ទុកថា ជាតារាគាំទ្រគណបក្សសង្រ្គោះជាតិ ដ៏មានប្រជាប្រិយមួយរូបនៅក្នុងយុទ្ធ  នាការឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០១៣នោះ នៅពេលនេះបានទទួលថវិកាប្រមាណ ១០ម៉ឺនដុល្លារ ពីសមាគមមួយនៅប្រ  ទេសសិង្ហបុរី បង្កើតជាអង្គការជួយផ្តល់ការអប់រំ ដល់កុមារក្រីក្រនៅកម្ពុជា។

អង្គការនេះមានឈ្មោះថា «យុវជនកិច្ចការសង្គម» ដែលមានកញ្ញា ធី សុវណ្ណថា ជាអគ្គនាយិកាតែម្តង។ កញ្ញា សុវណ្ណថា បានថ្លែង ប្រាប់ Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា អង្គការរបស់កញ្ញា ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃហើយ កាលពីសប្តាហ៍កន្លងទៅ។

សុវណ្ណថា បានបន្តឲ្យដឹងទៀតថា អង្គការ «យុវជនកិច្ចការសង្គម» មានទិសដៅច្រើន ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា និង កុមារ អនាថា ឲ្យទទួលបាននូវការអប់រំ។

អគ្គនាយិកា ដែលមានវ័យទើប ២០ឆ្នាំរូបនេះ បានថ្លែងប្រាប់ថា «ខ្ញុំបង្កើតអង្គការនេះឡើង ដោយសារមើលឃើញកុមារ នៅកម្ពុជា ជាច្រើន ជាទំពាំងស្នងឬស្សីរបស់កម្ពុជា កំពុងប្រឈមការបាត់បង់ការអប់រំ ដោយសារឪពុក-ម្តាយគាត់មានជីវភាពក្រីក្រ។ អីចឹងអង្គ ការខ្ញុំ នឹងជួយកុមារទាំងអស់នេះឲ្យទទួលបាននូវការអប់រំ និងអាហារបរិភោគផងដែរ»

សុវណ្ណថា បានបន្ថែមថា សម្រាប់កុមារ មានអាណាព្យាបាល តែខ្វះលទ្ធភាពសម្រាប់ទៅសិក្សា កញ្ញានឹងជួយផ្តល់លទ្ធភាពឲ្យបានចូល រៀន ហើយចំពោះកុមារអនាថាវិញ កញ្ញា នឹងដើរប្រមូលពួកគេឲ្យទៅរស់នៅក្នុងអង្គការហើយបញ្ជូនឲ្យទៅរៀន។

កញ្ញា ធី សុវណ្ណថា ប្រាប់ផងដែរថា ជំនួយ ១០ម៉ឺនដុល្លារ ដែលសមាគមនៅប្រទេសសិង្ហបុរីផ្តល់ឲ្យនេះ ប្រើសម្រាប់ទ្រទ្រង់ដល់កុមារ ប្រមាណ ២០០នាក់ ក្នុងរយៈពេលមួយឆ្នាំ។ ទោះជាយ៉ាងណាអង្គការមួយនេះ មិនទាន់បើកដំណើរការជាផ្លូវការនៅឡើយទេ គឺកំពុង រៀបចំទីតាំង តែអាចនឹងបើកទ្វារទទួលកុមារនៅក្នុងពេលឆាប់ៗនេះ។

នៅពេលសួរថា តើកញ្ញា នឹងត្រូវដើរចេញពីឆាកនយោបាយ ឬ យ៉ាងណា បន្ទាប់ពីបង្កើតអង្គការហើយនោះ?

ធី សុវណ្ណាថា ដែលធ្លាប់បានធ្វើសកម្មភាពយ៉ាងផុលផុស ដើម្បីជួយទាញការគាំទ្រដល់គណបក្សសង្រ្គោះជាតិនោះ បានបញ្ជាក់ថា សកម្មភាពគាំទ្របក្សនយោបាយនាពេលកន្លងមកនោះ គ្រាន់តែជាបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋម្នាក់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្តែងមតិ និងសិទ្ធិចូលរួមក្នុងឆាកនយោបាយ ហើយបើទោះបី កញ្ញាបង្កើតអង្គការ តែបើមានការ អញ្ជើញឲ្យចូលរួមសម្តែងមតិនានា ក៏កញ្ញានៅតែចូលរួមផងដែរ។

ជាចុងក្រោយកញ្ញា សុវណ្ណថា បានថ្លែងបង្ហាញពីឆន្ទៈរបស់ខ្លួនថា តាមរយៈអង្គការ «យុវជនកិច្ចការសង្គម» កញ្ញា នឹងប្រឹងប្រែងកៀរ គររកជំនួយ ដើម្បីជួយផ្តល់ការអប់រំ ដល់កុមារក្រីក្រនៅកម្ពុជា ឲ្យបានកាន់តែច្រើន៕