(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំស្តីពីបញ្ហាទីតាំង អាជីវកម្មកុងស៊ីបញ្ចាំក្នុងមូលដ្ឋាន តាមរយៈការអញ្ជើញ​ម្ចាស់ទីតាំង​កុងស៊ីបញ្ចាំ ដើម្បីមកអប់រំណែនាំដល់ម្ចាស់ឲ្យ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ និងចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់អំពើចោរកម្ម និងការទទួលផល​ចោរ​កម្មដែលអាចកើតមានឡើង។

នៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ទីតាំងកុងស៊ី បញ្ចាំខាងលើនេះ បានធ្វើឡើងក៏មានការចូលរួមពីលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុបញ្ចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក លោកស្រីចៅសង្កាត់ទាំង១១ នគរបាលប៉ុស្តិ៍សង្កាត់ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងម្ចាស់អាជីវកម្មកុងស៊ី សរុបប្រមាណជាង៧០នាក់។

លោក គួច ចំរើន បានប្រាប់ទៅក្រុមអាជីវករទាំងអស់ថា នៅពេលឃើញជនសង្ស័យ ឬមុខសញ្ញាទាំងឡាយណា ដែលយកទៅបញ្ចាំនោះ ត្រូវជួយតាមដាន ហើយរាយការណ៍ទៅ​សមត្ថកិច្ចដើម្បីឲ្យដឹង​ស្រាវជ្រាវ ពីព្រោះជនដែល យកទ្រព្យទៅបញ្ចាំភាគច្រើន​ជាក្រុមមនុស្សដាច់​លុយ ដែលការដាច់លុយនោះ បណ្តាលមកពីកត្តាផ្សេងៗដូច្នេះត្រូវ រួមសហការគ្នាយ៉ាងបានម៉ឺងម៉ាត់​បំផុតសម្រាប់​បញ្ហា​សន្តិសុខ​តាមមូលដ្ឋាន៕