(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាន ចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះលើកឡើងពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ ដោយលោកបានប្រៀបប្រដូចគណបក្សនេះទៅនឹង «ដើមឈើទេវតា» ដែលឬសចាក់កាន់តែជ្រៅ មានមែកបែកសាខាកាន់តែច្រើន លាស់ត្រួយស្លឹកយ៉ាងត្រឈឹងត្រឈៃ ផ្តល់ម្លប់មួយយ៉ាងធំ សម្រាប់អ្នកស្វែងរកជម្រកសន្តិភាព ជម្រកត្រជាក់ត្រជុំ និងអភិវឌ្ឍន៍ខ្លួនដើម្បីអនាគត់វែងឆ្ងាយ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា «បើចំពោះ គណបក្សនយោបាយ និងអង្គការចលនានយោបាយផ្សេងៗ ដែលជាគូប្រជែង និងដែលមានគំនិតឈ្នានីសអាក្រក់ ចង់កាប់ផ្តួលរំលំ «ដើមឈើទេវតា» មួយដើមនេះវិញ គឺរមែងបរាជ័យ រលាយខ្លួន ដោយសារតែចិត្តអគុណធម៌ មិនទទួលយកការពិត ហើយប្រើការប្រម៉ាតជ្រុលហួស ជាមួយនឹងអំណួតអត់ព្រំដែនរបស់ខ្លួន ។ ដើមឈើទេវតា រក្សានិងការពារមនុស្សស្មោះត្រង់ និងជួយតម្រង់មនុស្សវៀចវេរ តែមិនជួយទេ ពពួកមនុស្សមិនដឹងគុណ អគុណធម៌ ល្អដើម្បីតែប្រយោជន៍នោះ»។
៦៩ឆ្នាំ មកនេះគណបក្សប្រជាជនកម្ពុជា បានចូលរួមរំដោះប្រទេសពីអាណានិគមនិយមបារាំង រំដោះជីវិតពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម និងចុងក្រោយនេះ បានដឹកនាំបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង កសាងសន្តិភាព ធ្វើឲ្យប្រទេសមួយ មានរដ្ឋាភិបាលតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ និងមានហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងដល់ជនបទ គ្រប់ភូមិ ឃុំ/សង្កាត់ ស្រុក/ខ័ណ្ឌ ខេត្ត/ក្រុង នៅទូទាំងប្រទេស ។
ជាគណបក្សនយោបាយមួយ ដែលមានកំណើតតាំងពីឆ្នាំ១៩៥១ រហូតមកដល់ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា មានចំណាស់ ៦៩ ឆ្នាំ វ័យប្រហាក់ប្រហែលនឹង សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធាន គណបក្សនាពេលបច្ចុប្បន្ន ហើយដែលមានរចនាសម្ព័ន្ធបក្សរឹងមាំជាងគេ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ និងក្រៅពីនេះនៅមាន ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍ដឹកនាំប្រទេស លើសគណបក្សណាៗទាំងអស់។
លោកសួន សេរីរដ្ឋា បានបន្ថែមថា ការរៀបចំគោលនយោបាយនៅក្នុង បក្សដើម្បីទទួលស្គាល់អ្នកជំនាន់ថ្មី និងការបន្តរវេន គឺ គណបក្សប្រជាជនកម្ពុជា ធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយគ្មានការបែកបាក់ គ្មានការច្រណែនឈ្នានីសគ្នា និងមានការចូលរួមក្នុងទម្រង់ «ឯកភាព ក្នុងពហុភាព» យ៉ាងរឹងមាំ។
លោកបន្តថា ក្រៅពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលដឹកនាំប្រទេស និងការរៀបចំការដឹកនាំ គណបក្សរបស់ខ្លួននោះ រដ្ឋបាល និងរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា តាំងតែពីនៅជា បក្សប្រជាជនបដិវត្តន៍កម្ពុជា ដឹកនាំរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជា រដ្ឋកម្ពុជា និងក្រោយបោះឆ្នោតឆ្នាំ ១៩៩៣ មកជា ព្រះរាជាណាចក្រកម្ពុជា ទី ២ នេះ គឺមេដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង សម្តេច ហេង សំរិន តែងមានទស្សនៈទាន និងធម្មទានទូលំទូលាយ លើកទោស សណ្តោសប្រណី ដល់គ្រប់អ្នកនយោបាយ គ្រប់បក្សនយោបាយ និងគ្រប់ចលនានយោបាយ ដែលដឹងកំហុស ហើយចង់វិលចូលមកប្រកួតប្រជែង ក្នុងសង្វៀននយោបាយស្មើរភាព តាមរយៈការបោះឆ្នោត ឲ្យពលរដ្ឋជ្រើសរើស និងឬក៏ចង់ចូលរួមជីវភាពនយោបាយជាមួយនិង គណបក្សប្រជាជនកម្ពុជា ផ្ទាល់ ។
«ទម្លាក់អាវុធ ឈប់បាញ់សម្លាប់ខ្មែរដូចគ្នា រួចចាប់យកការបោះឆ្នោត ឲ្យពលរដ្ឋជាអ្នកជ្រើសរើស» គឺជាឆន្ទៈ និងជាឧត្តមគតិរបស់ សម្តេចមេដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើការលះបង់ជាគំរូ និងបានធ្វើសម្បទាននយោបាយដល់គ្រប់ចលនានយោបាយ តាំងពីសម័យចរចាទស្សវត្តន៍ទី ៨០ ក្នុងគោលបំណងបញ្ចប់ជម្លោះខ្មែរនិងខ្មែរ រួចដឹកដៃខ្មែរចូលតុចរចា ហើយកាន់ដៃគ្នា ចូលមកបោះឆ្នោតឲ្យពលរដ្ឋជាអ្នកជ្រើសរើស...។ គ្មាន ចលនានយោបាយណា និងគ្មាន គណបក្សនយោបាយណា ដែលបានលះបង់ច្រើនជាង គណបក្សប្រជាជនកម្ពុជា ទេក្នុងបុព្វហេតុដើម្បីជាតិ មាតុភូមិ និងស្វែងរកសេចក្តីសុខសន្តិភាពជូនពលរដ្ឋ។
បើទោះបីត្រូវបានសហគមន៍អន្តរជាតិគាបសង្កត់ បង្អត់ជំនួយ ហើយភាគីខ្មែរផ្សេងទៀត ទទួលបានជំនួយ យកមកធ្វើសង្គ្រាមវ៉ៃសង្គ្រប់គ្រប់ជ្រុងក៏ដោយ ក៏ដើមឈើធំមួយដើមនេះយកខ្លួននឹងមែកពាំងគ្រាប់រំសេវ ហើយនឹងមិនភ្លេចលាស់ត្រួយជាស្លឹកដើម្បីបានម្លប់ផ្តល់ឲ្យប្រជាពលរដ្ឋជ្រកកោនយ៉ាងសុខដុមដែរ។ នេះបើតាមលោកសួន សេរីរដ្ឋា។
លោកបានលើកឡើងទៀតថា ធនធានមនុស្ស ដែលគណបក្សប្រជាជនកម្ពុជា ប្រមូលយកមកពីគ្រប់ គណបក្សនយោបាយ និងចលនានយោបាយ រួចហើយបើកទ្វារផ្តល់ឱកាសឲ្យចូលរួមក្នុងជីវភាពនយោបាយជាមួយនឹង គណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចេញស្នាដៃជួយកសាងអភិវឌ្ឍន៍ជាតិ គឺជាខឿននយោបាយសមាហរន្តកម្មដ៏ធំខ្ពស់មួយ បង្ហាញនូវការបើកចំហរទឹកចិត្តទូលំទូលាយ និងមិនចងគំនុំរវាងខ្មែរនិងខ្មែរ រួចគៀងប្រមូលធនធានអ្នកចេះដឹងមកជួយស្រុក ។ នេះជាកាយវិការដ៏ប្រពៃមួយ ដូចដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ជាញឹកញយថា ៖ បើគណបក្សប្រជាជនកម្ពុជា នៅកាន់អំណាច បក្សណា អ្នកណា ក៏អាចរស់នៅជាមួយ និងធ្វើការជាមួយ គណបក្សប្រជាជនកម្ពុជាបានដែរ។
លោកបានបញ្ជាក់បន្ថែមថា ទឹកចិត្តដ៏ទូលាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលក្នុងនាមជានាយករដ្ឋមន្ត្រីផង និងតាំងពីសម្តេចនៅជាអនុប្រធាន គណបក្ស រហូតដល់សម្តេចឡើងជា ប្រធានគណបក្ស គឺ សម្តេចប្រធាន ជាឬសកែវដ៏សំខាន់ នៃដើមឈើទេវតាមួយដើមនេះ ។ នៅគ្រប់កាលៈទេសៈ គ្រប់ពេលវេលាដែលប្រទេសជាតិមានគ្រោះថ្នាក់ មិនដែលអវត្តមានឡើយ...។
លោកបានបញ្ជាក់បន្ថែមទៀត ដូច្នោះ គណបក្សប្រជាជនកម្ពុជា គឺជា ដើមឈើទេវតា មួយដើមដែលបានចាប់ដុះតាំងពីឆ្នាំ ១៩៥១ មកនៅលើដីគ្រួសថ្ម កំណរកំទេចភ្លើង ហើយតាំងពីចាប់ដុះដំបូងមក រងនូវព្យុះភ្លើងបោកបក់រំលើង និងភ្លើងឆេះព្រៃ ជាច្រើនលើកច្រើនសាររាប់មិនអស់ ។ តែជោគជាតារាសី ជាដើមឈើទេវតា ដែលត្រូវតែក្លាយជាដើមឈើមួយដើមធំ សម្រាប់ផ្តល់ម្លប់ដល់ពលរដ្ឋខ្មែរ ដូចនេះហើយទើបដើមឈើមួយដើមនេះ មិនដាច់ឬសស្លាប់ដោយសារព្យុះភ្លៀងបោកបក់ និងមិនស្លាប់ក្នុងភ្នក់ភ្លើងព្រៃ រួចនៅបន្តជីវិត ខំចាក់ឬសជាង ៦៩ ឆ្នាំរហូតមកដល់ពេលនេះ ឬសកែវបានចាក់ទម្លុះគ្រួសថ្ម រហូតដល់ទម្លុះថ្មភ្នំ រហូតបានដល់ប្រភពទឹក មកចិញ្ចឹមដើម មែក ត្រួយ ស្លឹក យ៉ាងធំបែកសាខា ក្នុងសករាជសម្តេចតេជោ ជាមគុទ្ទេសក៏សន្តិភាព នៃកម្ពុជា នាពេលបច្ចុប្បន្ននេះ៕