(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងយានជំនិះធុនធ្ងន់ និងយោងតាមបទដ្ឋានបច្ចេកទេស ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំដល់ម្ចាស់យានជំនិះធុនធ្ងន់គ្រប់ប្រភេទ ត្រូវធ្វើការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំអំពីការបិទស្លាកសញ្ញាចាំងពន្លឺលើ រថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី៣.៥តោន ដូចខាងក្រោម៖
* ទី១៖ ស្លាកសញ្ញាចាំងពន្លឺបិទនៅលើយានជំនិះត្រូវមានពីរពណ៌ «ក្រហម» និង «លឿង» ដែលមានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាមបទដ្ឋាន បច្ចេកទេស VC104+។
* ទី២៖ ស្លាកសញ្ញាចាំងពន្លឺ «ពណ៌លឿង» ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០% នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។
* ទី៣៖ ស្លាកសញ្ញាចាំងពន្លឺ «ពណ៌ក្រហម» ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅតែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង ៤០០មីលីម៉ែត្រ ពីគែម។
* ទី៤៖ ករណីរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣.៥តោន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមិនមានបិទស្លាកសញ្ញាចាំងពន្លឺ ឬបិទស្លាកសញ្ញាចាំងពន្លឺ មិនស្របតាមបទដ្ឋានបច្ចេកទេសខាងលើ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារប្រកាសលេខ១៧០ ប្រក.សក.ដជគ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងណែនាំដល់ម្ចាស់យានជំនិះនោះឱ្យបិទស្លាកសញ្ញាទាំងពន្លឺ បានត្រឹមត្រូវ ដូចមានក្នុងគំនូរអធិប្បាយណែនាំ អំពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ ដែលភ្ជាប់ជាមួយ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖