(បន្ទាយមានជ័យ)៖ ស្ពានទឹកថ្លា ដែលស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវបានលាបថ្នាំជាថ្មី ដោយកម្លាំងចម្រុះ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
ជាមួយគ្នានោះ ក៏មានការកាប់ឆ្ការសម្អាតព្រៃ ស្មៅ ដែលដុះចាក់ព័ទ្ធស្ពាន និងចាក់ដីបំពេញចំនុចក្បាលស្ពានផងដែរ ដើម្បីរក្សាការពារអភិរក្ស លើកកម្ពស់សោភ័ណភាពកេរ្តិ៍តំណែល ទុកជាកន្លែងទេសចរណ៍ លំហែកាយ។
លោក ហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា សកម្មភាពកាប់ឆ្ការព្រៃ បន្លា ស្មៅ រៀបចំចាក់ដីពង្រីកពង្រាប នៅម្តុំស្ពាន និងការលាបថ្នាំច្រេះ ការពារស្ពានទឹកថ្លាពេលនេះ ធ្វើឡើងតាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
លោកថា ការរៀបចំនេះ បំណងនៃសកម្មភាព គឺដើម្បីលើកកម្ពស់ ជំរុញការងារអភិរក្សស្ពានដែកជាកេរ្តិ៍សម័យអាណានិគមបារាំង និងអភិវឌ្ឍន៍សួនអនុស្សាវរីយ៍ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨ កន្លងមក តាមគំនិតផ្តួចផ្តើម របស់លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
មួយផ្នែកទៀត ក៏ដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ចំណារឯកភាពចំពោះសំណើរ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលសុំរក្សាទុកស្ពានដែកអាយុ៨៤ឆ្នាំនេះ ទុកជាប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ផងដែរ និងមួយផ្នែកទៀត ដើម្បីរំលឹកគុណតម្លៃ នៃសន្តិភាព ក្រោយការបញ្ចប់សង្គ្រាម។
សូមរំលឹកថា យោងការស្រាវជ្រាវប្រវត្តិសាស្ត្រ បានបញ្ជាក់ថា ស្ពានទឹកថ្លានេះ ជាស្ពានដែកថែបទាំងបន្ទះតាប់ជាអក្សរ UVHL ជាកេរ្តិ៍សម័យអាណានិគមនិយមបារាំង នៅសល់រូបរាងដើមតែមួយគត់ លើបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្បាលស្ទឹងសិរីសោភ័ណនា ភូមិទឹក ថ្លាសង្កាត់ទឹកថ្លា ខាងលិចក្រុងសិរីសោភ័ណ៦គីឡូម៉ែត្រ។
ស្ពាននេះ មានប្រវែង៨១ម៉ែត្រ ទទឹង៥ម៉ែត្រ មានសសរស្ពានបេតុង៣ជួរ ហើយត្រូវបានកសាងនៅឆ្នាំ១៩៣១ តំណាលគ្នានឹងកសាងផ្លូវជាតិលេខ៥ ភ្នំពេញ ទៅប៉ោយប៉ែត មានប្រវែង៤០៨ គីឡូម៉ែត្រ។
តែស្ពាននេះ រហូតមកដល់សព្វថ្ងៃនេះ មានការទ្រុឌទ្រោមខ្លាំងដោយសារភាពចំណាស់ និងការបុកប៉ះដោយរថយន្ត រថក្រោះ និងត្រូវគ្រាប់ គ្រាប់មីនជាដើម។ ស្ពាននេះ ត្រូវបានរក្សាទុកក្រោយកសាងស្ពានថ្មី ដោយមិនអនុញ្ញាតឲ្យយានយន្តឆ្លងកាត់ឡើយ គឺទុកសម្រាប់តែថ្មើរជើងប៉ុណ្ណោះ។
ពេលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យមានជ័យ ដែលស្ថិតនៅជិតស្ពាននោះ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៨ សម្តេចតេជោ បានថ្លែងពីការឯកភាពតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរក្សាស្ពាននេះទុក ពោលគឺឲ្យធ្វើផ្លូវ និងស្ពានថ្មថ្មី ដោយជាប់នឹងស្ពានដែកចាស់។
គួររំលឹកផងដែរថា ថ្មីៗនេះ ស្ពានដែកចំណាស់នេះ ត្រូវបានជនឱកាសនិយម បានរំលោភទន្រ្ទានកាយដី ដែលកប់គ្រិះស្ពានយកទៅចាក់បំពេញដីពុះល្វែងរបស់ខ្លួន ធ្វើឲ្យស្ពានកាន់តែបាត់បង់ភាពរឹងមាំ។ ប្រការនេះ បានធ្វើឲ្យមហាជនប្រតិកម្មយ៉ាងខ្លាំង ជាមួយអាជ្ញាធរ ដោយចោទប្រកាន់ថា បានចេញច្បាប់អនុញ្ញាតឲ្យឈ្មួញកាយដី ដោយមិនគិតពីផលប៉ះពាល់ និងបាត់បង់កេរ្តិ៍ដំណែល។
ប៉ុន្តែជុំវិញករណីនេះ រដ្ឋបាលក្រុងសិរីសោភ័ណ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់ការរួចហើយ និងឲ្យឈ្មួញដឹកដីចាក់បំពេញគ្រិះស្ពានឡើងវិញ ក្នុងនោះឈ្មួញ លោក អ៉ឹង ប៊ុនហួរ ក៏បានចេញមុខសុំទោសជាសារណៈផងដែរ លើបណ្តាញសង្គម៕