(ព្រះសីហនុ)៖ បុរសម្នាក់បានលោតទឹកសមុទ្រសម្លាប់ខ្លួន នៅចំណុចភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០កន្លងទៅ ហើយសមត្ថកិច្ចបានខិតខំប្រឹងប្រែងជួយសង្គ្រោះតែមិនបានជោគជ័យឡើយ។
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន GTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុន GTVC ចំនួន២គ្រឿង បានធ្វើការស្វែងរកសាកសពរបស់ជនរងគ្រោះ ឈឹម ឆេង អាយុ៣១ឆ្នាំ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ច និងក្រុមហ៊ុន GTVC បានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E (ក្បែរកោះត្រល់ និងចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលសាកសពមានសភាពហើមរលួយ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្រោយពិនិត្យមើលរួច ក្រុមគ្រួសារសាច់ញាតិបានទទួលស្គាល់ថា ពិតជាសពសាច់ញាតិរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួលសាកសពដឹកមកលើគោកវិញ ដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ៕