(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា យើងដឹងហើយថា បើគ្មានដើមឈើ គឺនឹងខ្សត់ទឹកភ្លៀង អាកាសធាតុនឹងប្រែប្រួល ជាក់ស្តែងទឹកទន្លេក្នុងឆ្នាំនេះ អាចនឹងឡើងលិចខ្នងកោះតែតិចតួចតែប៉ុណ្ណោះ ដែលនឹងធ្វើឲ្យប្រជាកសិករធ្វើស្រែចំការជួបការលំបាកក្នុងការបង្កបង្កើនផល។ ដូច្នេះយើងត្រូវតែរួមគ្នាការពារព្រៃឈើឲ្យបាន នៅក្នុងដែនជំរកសត្វព្រៃភ្នំឱរ់ាល់ ក្នុងស្រុកទឹកផុសយើងនេះ។
លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីសែនព្រែនដូនតាម្ចាស់ទឹកដីនៃព្រៃភ្នំឱរ៉ាល់ នៅក្នុងទីស្នាក់ការដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុស និងដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋ ដាំកូនឈើក្រញូងចំនួន៩៥០ដើម នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
អភិបាលខេត្តបានថ្លែងបន្តថា នៅតាមព្រៃភ្នំក្នុងស្រុកទឹកផុសរបស់យើងបច្ចុប្បន្នពុំឃើញមានដើមឈើធំៗនៅសេសសល់ឡើយ ដោយសារតែកន្លងមកមន្ត្រីពាក់ព័ន្ធមួយចំនួន បានបណ្តែតបណ្ដោយឱ្យមានការប្រព្រឹត្តបទល្មើសព្រៃឈើ ទើបភ្នំនីមួយៗស្ទើរតែរកដើមឈើធំៗគ្មាន គឺចាញ់តាមភ្នំនៃដងទន្លេ នៅក្នុងស្រុកកំពង់លែង និងស្រុកជលគីរីផង ដែលប្រជាពលរដ្ឋ និងអាជ្ញាធរគេបានយកចិត្តទុកដាក់ថែរក្សាការពារបានល្អ។ ដូច្នេះចាប់ពីពេលនេះទៅអាជ្ញាធរ និងមន្ត្រីជំនាញដែនជំរកសត្វព្រៃត្រូវតែត្រួតពិនិត្យអ្នកមានរណាយន្ត ដែលកំពុងឡើងកាប់ឈើនៅតាមព្រៃភ្នំ តើច្បាប់ត្រូវអនុវត្តន៍យ៉ាងណាចំពោះអ្នកប្រើប្រាស់រណាយន្ត។
នាខណៈនោះដែរ លោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវតែទប់ស្កាត់ឲ្យបានការចូលកាន់កាប់ ការលក់ទិញ ដីនៅក្នុងដែនជំរកសត្វព្រៃរបស់រដ្ឋ ដែលគ្មានអ្នកណាម្នាក់អាចរំលោភយកបានឡើយ គឺក្នុងនាមលោកជាអាជ្ញាធរខេត្ត លោកនឹងមិនឲ្យអ្នកទន្ទ្រានយកដីព្រះរាជក្រឹត្យដីដែនជំរកសត្វព្រៃរបស់រដ្ឋបានរួចខ្លួនឡើយ។
នៅក្នុងពីធីនោះលោកអភិបាលខេត្ត បានធ្វើពិធីសែន ព្រេនជូនដូនតា ម្ចាស់ទឹក ម្ចាស់ដីនៅក្នុងដែនជំរកសត្វ ព្រៃភ្នំឱរ៉ាល់ទៅតាមប្រពៃណីដូនតា និងនិមន្តព្រះសង្ឃសូត្រមន្ត ប្រគេបច្ច័យបួនដល់ព្រះសង្ឃចំនួ៩អង្គ ព្រមទាំងចែកអំណោយមួយចំនួនដល់មន្ត្រីការពារដែនជំរកសត្វព្រៃ និងក៏បានធ្វើពិធីលែងសត្វចាបជាច្រើនក្បាល ដើម្បីសុំសេចក្តីសុខដល់ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា តាមការណែនាំរបស់រាជរដ្ខាភិបាល និងតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីកុំអោយជម្ងឺនេះចូលមកលុកលុយដល់មូលដ្ឋានរបស់យើង។
បន្ទាប់មក លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូន ឈើក្រញូ្ងង ចំនួន៩៥០ដើម នៅក្នុងតំបន់ជើងភ្នំជើងលៀង ជាប់រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ផ្មក្រាល នៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ដើម្បីស្តារឡើងវិញការបាត់បង់ព្រៃឈើ ដែលបានរងការកាប់បំផ្លាញកន្លងមកផងដែរ៕