(ភ្នំពេញ)៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិនិត្យលើខ្លឹមសារ នៃមាត្រាទាំង១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្ម ដោយតំណាងអង្គការសង្គមស៉ីវិល។
សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៉ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហានេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើង នាវេលាម៉ោង៨៖៣០ នាទីព្រឹក នៅសាលប្រជុំអគារ ទីស្ដីការក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា កន្លងមកក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៉ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ចំនួន៦លើក ជាមួយតំណាងអង្គការសង្គមស៉ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើក សំណើសុំធ្វើវិសោធនកម្មចំនួន១៧មាត្រា នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានពិភាក្សា និងពិគ្រោះយោបល់ លើមាត្រាចំនួន១៤ រួមមាន៖ មាត្រា១ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥។ ដោយឡែក មាត្រាចំនួន៣ គឺ មាត្រា៣ មាត្រា៤ និងមាត្រា២៧ តំណាងអង្គការសង្គមស៉ីវិលបានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល៕