(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០បានអនុញ្ញាតឲ្យលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូតថ្មី ក្នុងការងារបំពេញបេសកម្មការទូតនៅកម្ពុជា និងរីករាយសហការយ៉ាងពេញទំហឹង ក្នុងការចូលរួមចំណែករឹតបណ្តឹងទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាត់តែរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួម និងផ្តល់ការគាំទ្រ ចំពោះការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា តាមរយៈជំនួយផ្លូវការជាច្រើន ទៅលើវិស័យផ្សេងៗដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការផ្តល់ជំនួយលើវិស័យបោសសំអាតមីន។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនអំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៩-២០២៣ ដោយផ្ដោតទៅលើការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ, កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញបេសកម្មការទូតនៅកម្ពុជា និងបានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការដ៍ល្អ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើង ពីការផ្តល់ជំនួយលើវិស័យបោសសំអាតមីន និងនៅតែបន្តរួមចំណែកធ្វើឲ្យកម្ពុជា សម្រេចនូវគោលដៅរបស់ខ្លួនក្លាយ ជាប្រទេសដែលគ្មានមីនត្រឹមឆ្នាំ ២០២៥។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី ក៏បានស្នើសុំរដ្ឋាភិបាលអូស្រ្តាលីបន្តជួយគាំទ្របន្តទៀត។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ៕