(ភ្នំពេញ)៖ លោកតាទុរគតឈ្មោះ កែវ វណ្ណៈ មានជំងឺប្រចាំកាយ ហើយកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ បើគិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គាត់បានទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫសី្សកែវ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ពីប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី និងជាអភិបាលខណ្ឌ។

សកម្មភាពមនុស្សធម៌ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ដោយលោក ជា ពិសី, ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីប្រជាពលរដ្ឋក្រីក្រទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

លើសពីនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានលើកឡើង អំពីអំណោយមានជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដែលឧបត្ថម្ភជូន លោកតាទុរគនៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញ ចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា ចំពោះអំណោយដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនលោកតាទុរគតឈ្មោះ កែវ វណ្ណៈ នាពេលនេះរួមមាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ម៊ុង១, ភួយ១, ខ្ទះឆា១, ឆ្នាំងដាំបាយ១, ចាន់ដែក១, ធុងទឹក១ និងថវិកាមួយចំនួនផងដែរ៕