(ភ្នំពេញ)៖ ជាការគិតគូរពីសុខសុវត្ថិភាព និងប្រសិទ្ធភាពនៃវិធានការពារជំងឺ COVID-19 ដល់ប្រជាពលរដ្ឋដែលចូលផ្សារទំនើប អ៉ីអនម៉ល សាខាទី១ តាមការអំពាវនាវរបស់រាជដ្ឋាភិបាល នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យអំពីវិធានការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងបរិវេណផ្សារទំនើបអ៉ីអនម៉ល ស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារសភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារ បានសង្កេតឃើញថា ផ្សារមានការគ្រប់គ្រងបានល្អ ក្នុងការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវ ដោយនៅតាមច្រកចេញ-ចូលផ្សារ ប្រមាណ១៤ច្រក ខាងផ្សារបានដាក់បុគ្គលិកប្រចាំ ដោយមានបាញ់អាល់កុលលាងដៃ ម៉ានវាស់កំដៅ ម៉ាស៊ីនស្កេនកំដៅតាមប្រព័ន្ឋកុំព្យូទ័រ គ្រប់ច្រកចូលទាំងអស់។
ជាមួយគ្នានេះ អភិបាលខណ្ឌចំការមន ក៏បានណែនាំដល់អ្នកគ្រប់គ្រង អ្នកមើលការខុសត្រូវ ចូរបង្កើនការយកទុកដាក់បន្ថែមទៀត ចំពោះបុគ្គលិកបម្រើការនៅក្នុងផ្សារ ពិសេសអាជីវករលក់ដូរក្នុងផ្សារ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមលើវិធានដែលខាងផ្សារបានដាក់បម្រើ ដូចជា ទឹកអាល់កុលលាងដៃ មុននឹងចូលក្នុងហាង ឬចូលកន្លែងលក់ម្ហូបអាហារ។
លោកអភិបាលខណ្ឌ បានទទូចសុំឲ្យអ្នកមើលការខុសត្រូវផ្សារ ដើរប្រាប់ដល់អតិថិជន ឬភ្ញៀវចូលហាង សូមកុំមានការជួបជុំគ្នាច្រើនគ្នា ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕