(ព្រះវិហារ)៖ យ៉ាងណោចណាស់មានជនជាតិចិនចំនួន១២នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ី ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួននៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ពីបទលួចឆ្លងដែនដោយខុសច្បាប់។
បើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្រឡៅ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ ក្នុងនោះស្រី២នាក់ នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្រោមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានទៅទទួលយកជនបរទេសសញ្ជាតិចិនខាងលើ នៅវេលាម៉ោង០១៖១៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានចំនួន១១នាក់ និងស្រី២នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ និងម្នាក់ទៀតពាក់ព័ន្ធករណីមានបំណងលួចឆ្លងដែនចេញពីកម្ពុជា ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។
បន្តាប់ពីកម្លាំងជំនាញអន្តោប្រវេសន៍ធ្វើការសួរនាំ និងកសាងនីតិវិធីរួច នៅព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ជនជាតិចិនទាំង១២នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នករត់តាក់ស៊ី ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ក ខេត្តព្រះវិហារផងដែរ៕