(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អអភិបាលរងខេត្តស្វាយរៀង បានជំរុញដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំផ្តល់សេវា ឱ្យបានល្អទាំងសេវាធ្វើតេស្តឈាម និងសេវាផ្តល់ឱសថ ប្រឆាំងមេរោគអេដស៍ តាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ ដោយបន្តស្រាវជ្រាវគ្រប់គ្រងករណីវិជ្ជមាន និងពង្រឹងការផ្តល់ប្រឹក្សាអ្នកជំងឺ មកតាមការណាត់របស់គ្រូពេទ្យ តាមដានការបាត់មុខ ដើម្បីការបន្ថយអត្រាលះបង់សេវា។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ និងភារកិច្ចក្នុងការគាំទ្រការឆ្លើយតប ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ស្ថិតនៅសាលប្រជុំសណ្ឋាគារវៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
លោកអភិបាលរងខេត្ត បានថ្លែងធ្វើការសំណូមពរដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលដែលនឹងក្លាយជាគ្រូបង្គោលត្រូវបញ្ជ្រៀតការអប់រំផ្សព្វផ្សាយបង្ការជំងឺអេដស៍ ច្បាប់អេដស៍ ពិសេសលើកទឹកចិត្តការប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ ក្នុងការបង្ការទាំងតាមសេវាកម្សាន្ត និងក្នុងចំណោមប្រជាពលរដ្ឋទូទៅក្នុងការបង្ការជំងឺអេដស៍។
លោកបានបន្ថែមថា នៅមូលដ្ឋាន សូមជួយផ្តល់ប្រឹក្សាជំរុញដល់អ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ ពិសសេផ្តល់លទ្ធភាពក្នុងការស្វែងរកសេវាប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ បានត្រឹមត្រូវដែលមាននៅគ្រប់មណ្ឌលសុខភាពទាំងអស់ទូទាំងខេត្ត ដើម្បីឆាប់ ទទួលបានសេវាព្យាបាលទាន់ពេលវេលា និងសូមជួយផ្តល់ប្រឹក្សា លើកទឹកចិត្ត ដល់អ្នកជំងឺអេដស៍ដែលពុំទាន់បានទទួលសេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មកទទួលយកសេវាទាន់ពេលវេលា និងពុំមានគិតថ្លៃ នៅសេវាព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងស្រុករមាសហែក។
លោក តូច ប៉ូលីវ៉ា បានគូសបញ្ជាក់ឱ្យសិក្ខាកាមទាំងអស់ ជួយចូលរួមផ្សព្វផ្សាយអប់រំកុំឱ្យមានការរើសរអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ នៅតាមសហគមន៍ រួមទាំងការរើសរអើងមិនផ្តល់ការងារ ឬបញ្ឈប់ការងារ ក្នុងវិស័យឯកជន ដើម្បីចូលរួមលុបបំបាត់ឱ្យបានទាំងស្រុងនូវការរើសរអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់៕