(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាថ្មីទៀតហើយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នោះ រួសរាន់ ក្នុងការបង់ថ្លៃសេវាប្រមូលសំរាម និងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារ បើមិនដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តនូវវិធានការមួយចំនួន។
សេចក្តីជូនដំណឹងនៅថ្ងៃទី២៦ សីហានេះ បានបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា សូមមេត្តារួសរាន់ធ្វើការបង់ថ្លៃសេវា ប្រមូលសំរាម និងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារ ACLEDA, ABA, WING, WB Finance, Prince Bank, ស្ថាប័នឬតាមភ្នាក់ងារទូទាត់ផ្សេងទៀតដូចជា eMoney ,Lyhour Weiluy, Pi Pay និង Dara pay សម្រាប់ខែកក្កដាឆ្នាំ២០២០នេះ»។
ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្ម និងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរដ្ឋបាលរាជធានីភ្នំពេញ និងចេញលិខិតអញ្ជើញ រំលឹកជាថ្មីម្ដងទៀតឲ្យទូទាត់បំណុលរួម។ ក្នុងករណីនៅតែមិនព្រមអត់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងទេ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖
* ទី១៖ បញ្ចេញបញ្ជីឈ្មោះជាសាធារណៈតាមបណ្ដាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា
* ទី២៖ កត់ត្រាជាបំណុលហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន
* ទី៣៖ អនុវត្តការវិធានការផ្សេងទៀតតាមការចាំបាច់៕