(ភ្នំពេញ)៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ រួមនឹងរដ្ឋបាលខណ្ឌព្រែកព្នៅ បានផ្ដល់បណ្ណកម្មសិទ្ធដីធ្លី ជូនដល់ប្រជាពលរដ្ឋ នៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ពិធីនេះធ្វើឡើងក្រោមអធិបតីលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ, លោក ពៅ រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ព្រមទាំងមន្ត្រីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋភូមិឧសភាទាំងអស់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
នេះជាលើកទី៣ហើយ សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង ដែលទទួលបានបណ្ណកម្មសិទ្ធក្នុងការ ចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រព័ន្ធក្រោយពីសង្កាត់នេះបាន កាត់ចូលក្នុងខណ្ឌព្រែកព្នៅ កាលពីខែមិថុនា ឆ្នាំ២០១៤។
លោក ពៅ រតនៈ បានឲ្យដឹងថា បច្ចប្បន្ននេះ ក្រុមការងារ បច្ចេកទេស ឬ ក្រុមវាល កំពុងយកចិត្តទុកដាក់ក្នុងការចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដីជាបន្ដបន្ទាប់ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដោយសហការជាមួយមន្ដ្រីសង្កាត់ និងមេភូមិ ដើម្បីជំរុញការងារនេះ ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
លោកបានឲ្យដឹងដែរថា ការចែកប័ណ្ណនេះ ក្រុមការងារនឹងធ្វើការចែកជូនរយៈពេល៥ថ្ងៃ សម្រាប់ភូមិឧសភា គឺចាប់ពីថ្ងៃទី២៤ ខែឧសភានេះទៅ ហើយភូមិបន្ទាប់គឺ ត្រៀមបិទផ្សាយលទ្ធផលទិន្ន័យក្បាលដី នៅភូមិត្នោតខ្ពស់និងភូមិបឹងខ្នំជាបន្ដទៀត។
លោក ជា ខេមា បានថ្លែងថា ដីគឺជាអាយុជីវិត មានតែដី គ្មានប័ណ្ណសម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូន ថែរក្សាវាឲ្យបានល្អ ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។
លោកថា ប័ណ្ណនេះ បងប្អូនអាចយកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ ម្យ៉ាងទៀតវា មានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប និងគ្រប់គ្រងដីធ្លី បានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិ បានកាន់តែប្រសើរ៕