(ស្ទឹងត្រែង)៖ អគ្គនាយកដ្ឋានបុគ្គលិក នៃក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាល ដល់មន្ត្រីរបស់ខ្លួន ដែលមកពីខេត្ត ចំនួន៦រួមមាន៖ ខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគីរី និងខេត្តស្ទឹងត្រែង ស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្តីរាជការផែនការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២០។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងមានចូលរួមពី លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងសិក្ខាកាមចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនរូប ។
លោក វង្ស សាម៉ុន បានបញ្ជាក់ថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការ រហូតឈានដល់ការធ្វើ កំណែទម្រង់ រដ្ឋបាលសាធារណៈ ដែលនេះជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពនានា របស់រាជរដ្ឋាភិបាល សំដៅក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញ ការងារដែលនេះ គឺជាការងារគន្លឹះ និងមានសារៈសំខាន់បំផុត។
លោកបានបញ្ជាក់បន្ថែមថា ការពង្រឹងស្ថាប័ន និងការកសាងសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំឡើងនៅពេលនេះ គឺដើម្បីសម្របសម្រួល និងជួយដល់មន្ទីរផែនការ ឲ្យសម្រេចបាននូវគោលដៅ របស់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាល ដាក់ចេញដល់មន្រ្តីររាជការ ក្នុងការអនុវត្តជាប្រចាំថ្ងៃ ដើម្បីកសាងសមត្ថភាព និងជំរុញឲ្យ មន្ត្រីម្នាក់ៗ បំពេញការងារកាន់តែមានប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមានមនសិការវិជ្ជាជីវៈ និងបង្កើតឲ្យ មានយន្តការចែករំលែកបទពិសោធន៍ល្អៗ ដែលបានមកពីការអនុវត្ដការងារ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក វង្ស សាម៉ុន ក៏បានសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ ជាស្មារតី ជួយដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ មានឱកាសសិក្សាបន្ថែម នូវចំណុចល្អ និងសំខាន់ៗ ដើម្បីឲ្យការអនុវត្ត ការងារទទួលបានលទ្ធផលល្អ និង ស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍន៍ និងមាននិរន្តរភាព។
លោកក៏បានជំរុញដល់មន្ត្រី ដែលជាសិក្ខាកាមទាំងអស់ ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានា ពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អ ក្នុងអង្គភាព និង ផ្នែកជំនាញនីមួយៗ ឲ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋាន គតិយុត្តគោលការណ៍ ច្បាស់លាស់ និងភាពម្ចាស់ការព្រមទាំងត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួម របស់អង្គភាពជាអាទិភាព៕