(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានផ្ដាំផ្ញើឱ្យអធិការនគរបាលស្រុកកណ្ដាលស្ទឹង ដែលទើបឡើងមកកាន់តំណែងថ្មី ត្រូវធ្វើការងារឱ្យបានល្អប្រសើរ លើកិច្ចការសុខសុវត្ថិភាពជូនមូលដ្ឋាន និងអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ពិសេសបំរើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងត្រូវមានការសហការគ្នាល្អជាមួយកងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពស្រុកឱ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងថ្នាក់អធិការ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ដោយលោក ឡេង សុខរុន ឡើងជាអធិការនគរបាលស្រុកកណ្ដាលស្ទឹងថ្មី ជំនួសលោក ម៉ែន ច័ន្ទរិទ្ធ ដែលត្រូវផ្លាស់ទៅនាយការិយាល័យផ្សព្វផ្សាយវិញ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្តថា អធិការទើបឡើងថ្មី និងសមត្ថកិច្ចតាមមូលដ្ឋានត្រូវប្ដេជ្ញាស្រាវជ្រាវ តាមឃាត់ខ្លួនករណីបទល្មើសឧក្រិដ្ឋនានា ដែលបានកើតឡើងនៅតាមមូលដ្ឋានកន្លងមក ដែលពុំទាន់បំបែកសុំនុំរឿងបាននៅឡើយ ដោយសង្ឃឹមថាលោកអធិការទើបឡើងថ្មី លោកស្នងការរងទទួលផែន និងមេប៉ុស្តិ៍ទាំងអស់ត្រូវសហការគ្នាតាមចាប់មុខសញ្ញា ដែលបានបង្កើតបទល្មើសនៅតាមមូលដ្ឋានស្រុកកណ្ដាលស្ទឹងឱ្យបានដាច់ខាត។
លោកស្នងការ ឈឿន សុចិត្ត បន្ថែមទៀតថា សូមកម្លាំងសមត្ថកិច្ចទាំងអស់ នៅមូលដ្ឋានស្រុកកណ្ដាលស្ទឹងនេះ ត្រូវមានកិច្ចសហការជាមួយកងកម្លាំងទាំង៣ និង គណៈបញ្ជាការឯកភាពដោយក្ដីរីករាយ ដោយឈរលើគោលដៅតែមួយហើយកុំប្រចាំគ្នា ដោយត្រូវតែបំរើពលរដ្ឋឱ្យអស់ពីចិត្ត។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានលើកឡើងសុំឱ្យខាងសមត្ថកិច្ចជួយយកចិត្តទុកដាក់ រួមគ្នាបន្តដំណើរ ដើម្បីធ្វើឲ្យមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើង ពិសេសលើគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច សុំឱ្យបន្តសហការគ្នាជាមួយគណៈបញ្ជាការឯកភាពស្រុក ដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋឲ្យបានល្អ ខណៈស្ថានភាពនៅមូលដ្ឋាននៅស្រុកកណ្ដាលស្ទឹង ពុំទាន់ល្អប្រសើរ១០០%នៅឡើយ។
លោកអភិបាលស្រុក ក៏បានស្នើដល់កម្លាំងទាំង៣ នៃស្រុកកណ្ដាលស្ទឹង សហការល្អជាមួយគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងប្រជាការពារភូមិទាំងជាង ១,៣០០នាក់ផ្សេងទៀត ក្នុងការគ្រប់គ្រងស្ថានភាពក្នុងន័យការពារសុខសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋានស្រុកកណ្ដាលស្ទឹង។
លោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង ក៏បានប្ដេជ្ញាចិត្តថា នឹងធ្វើការឱ្យបានល្អប្រសើរអនុវត្តន៍តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចឱ្យបានល្អ និងពិសេសបំរើប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ក្នុងទិសដៅរកសេចក្ដីសុខជូនពលរដ្ឋ៕