(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញសេចក្ដីបំភ្លឺព័ត៌មាន អំពីករណីហិង្សាដោយចេតនា បង្កឡើងដោយក្មេងទំនើងចំនួន២ក្រុម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២៣៖០៥នាទី នៅចំណុចភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមការស្រាវជ្រាវរបស់ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស អំពើហិង្សាខាងលើ ក្រុមទី១៖ មានសមាជិកចំនួន៨នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ៤គ្រឿង រស់នៅក្នុងភូមិសាស្ត្រភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង រីឯក្រុមទី២ មានសមាជិក៦នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង រស់នៅក្នុងភូមិសាស្ត្រ ក្នុងទឹកដីខេត្តព្រៃវែង និងនៅភ្នំពេញ។
ក្នុងករណីប្រព្រឹត្តអំពើហិង្សារបស់មុខសញ្ញាក្មេងទំនើងទាំង២ក្រុមនេះ បានប្រើប្រាស់ដំបង ខ្សែក្រវាត់ ដាវសាមូរ៉េ ធ្វើជាអាវុធ បានបើកការវាយប្រហារគ្នា ទៅវិញទៅមកបណ្ដាល ឲ្យរងរបួសស្រាលម្នាក់ ធ្ងន់ម្នាក់ និងស្លាប់យុវជនម្នាក់ មុនបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯភ្នំពេញ ឈ្មោះ យាន សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ផ្អែកតាមជំនាញចុះពិនិត្យ ស្រាវជ្រាវកន្លែងកើតហេតុ និងការសាកសួរបំភ្លឺពីសាក្សី នៅកន្លែងកើតហេតុ គឺឈ្មោះ វង់ ផាន់ណា និង អ៊ុយ សំណាង បានឲ្យដឹងថា ករណីអំពើហិង្សាខាងលើនេះ គឺដើមចមបណ្ដាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ ភាគីទាំងពីរបានទូរស័ព្ទ ហៅបក្ខពួកមកអន្តរាគមន៍ និងបានបើកការប្រយុទ្ធគ្នាតែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងកសាងសំណុំ រឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
ដោយឡែកជនសង្ស័យដែលនៅសេសសល់ កម្លាំងជំនាញបានកំណត់មុខសញ្ញាគ្រប់គ្រាន់ និងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕