(ស្វាយរៀង)៖ លោកស្រីសាន សូនី មន្ត្រីកម្មវិធី អ៊ីចស្បាយគាំទ្រគម្រោងលទ្ធកម្ម បានថ្លែងលើកឡើងថា នៅឆ្នាំ២០២០ នេះ បើអ្នកទទួលការមិនអនុវត្តតាមកិច្ចសន្យា ស្តង់ដាបច្ចេកទេសទេ គណៈកម្មការបច្ចេកទេស នឹងរាយការណ៍ និងសុំទៅអភិបាលខេត្តជាបន្ទាន់ដកសិទ្ធិអ្នកទទួលការ និងពិន័យតាមច្បាប់ជាធរមាន។
ការថ្លែងរបស់លោកស្រី សាន សូនី បែបនេះនៅក្នុងពិធីដាក់ដេញថ្លៃគម្រោងស្តារអូរធម្មជាតិ២ខ្សែ ស្រះ និងប្រទ្បាយនៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
លោកស្រីបានបន្តថា ក្រុមហ៊ុនជាច្រើនមកដេញថ្លៃហើយ មិនព្រមចូលក្នុងបន្ទប់ដេញថ្លៃទេ នៅតែខាងក្រៅ ហើយមិនគោរពនិងឲ្យតម្លៃដល់លោកក្រុមប្រឹក្សាឃុំទៀត។ មន្ត្រីរូបនេះ មិនចង់ឃើញសកម្មភាពរបស់ក្រុមហ៊ុនដេញថ្លៃ ធ្វើបែបនេះឡើយ និងរឹតតែមិនចង់ឃើញពួកគេធ្វើខុសនឹងកិច្ចសន្យា។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ សីហា ២០២០នេះ មានការដាក់ដេញថ្លៃកម្រោងស្តារអូរធម្មជាតិ២ខ្សែ នៅឃុំជ្រៃធំស្រុករមាសហែក ដែលមានប្រវែង ១,៥១០ម៉ែត្រ ក្នុងនោះមួយខ្សែប្រវែង ៨៥០ម៉ែត្រ បាតក្រោម៣ម៉ែត្រ មាត់លើ៩ម៉ែត្រ ជម្រៅជាមធ្យម២,៣ម៉ែត្រ និងស្តារអូរប្រវែង៦៦០ម៉ែត្រ បាតក្រោម២ម៉ែត្រ មាត់លើ៨ម៉ែត្រ ជម្រៅជាមធ្យម១,៨ម៉ែត្រ ដាក់លូមូលមុខកាត់៨តឹក កាត់ទំនប់២កន្លែង និងដាក់ស្លាកលេខគម្រោង១កន្លែង។ តម្លៃប៉ាន់ស្មានចំនួន ១១៩,៥១៣,៤០០រៀល មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន ៥ក្រុមហ៊ុន ហើយក្រុមហ៊ុនដេញបាន គឺក្រុមហ៊ុនសេនវាន ដាក់តម្លៃទាបអាចទទួលយកបាន ៩០,០០០,០០០រៀល (បញ្ចុះតម្លៃទាបជិត៣០%)។
ឃុំមុខដា ស្រុករមាសហែក ១គម្រោងដាក់ដេញថ្លៃស្តារស្រះទំហំ៣៦ម៉ែត្រx៤១ម៉ែត្រជម្រៅ៤ម៉ែត្រ ធ្វើរបងលួសបន្លាប្រវែង២៤៨ម៉ែត្រ តម្លៃប៉ាន់ស្មានចំនួន ៨៣,១១៨,៨០០រៀល មាន០៦ក្រុមហ៊ុនដាក់ដេញថ្លៃ បានទៅលើក្រុមហ៊ុនសោភណ័ធានី ដាក់តម្លៃទាបអាចទទួលយកបាន ៤៥,០០០,០០០រៀល (បញ្ចុះតម្លៃទាបរហូតជិត៥០% ដែលអ្នកជំនាញនិយាយថាពិបាកនិងថ្លែង)។
ឃុំកំពង់ត្រាចគម្រោងស្តារប្រឡាយ២ខ្សែ គឺប្រឡាយទី១ ប្រវែង៦៧០ម៉ែត្របាតក្រោម ១,៥ម៉ែត្រ មាត់លើ៦ម៉ែត្រ ជម្រៅមធ្យម២,២ម៉ែត្រ និងទី២ស្តារប្រឡាយ១ខ្សែប្រវែង១,២០០ម៉ែត្រ បាតក្រោម១,៥ម៉ែត្រមាត់លើ៦ម៉ែត្រ ជម្រៅ១,៧៤ម៉ែត្រ និងដាក់លូមូលមុខកាត់១ម៉ែត្រ កាត់ប្រឡាយ៣កន្លែងនិ ងដាក់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន៥៩,៨១១,១០០រៀល។
ទាក់ទិនករណីដាក់ដេញថ្លៃនេះដែរ គឺមានក្រុមហ៊ុនប្រមាណជា៣០ក្រុមហ៊ុន បានទៅបម្រុងចូលរួមដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួន មិនព្រមចូលក្នុងបន្ទប់ដេញថ្លៃទេ ភាគច្រើនគឺនៅដេញថ្លៃខាងក្រៅបន្ទប់។ បើតាមបែកធ្លាយពីអ្នកដេញថ្លៃបង្ហើបឲ្យដឹងថា នៅដេញថ្លៃខាងក្រៅ គឺអ្នកសុំទឹកតែ គឺទាមទារ ដកប្រាក់គម្រោង១៥%មកចែកទឹកតែ ក៏ប៉ុន្តែអ្នកដែលសុំទទួលបានគម្រោងបដិសេធ សុំត្រឹម១០% ធ្វើឲ្យការចចារថ្លៃទឹកតែមិនត្រូវគ្នា ក៏បែកបង្កើតការដេញថ្លៃដែលគេហៅថា ដេញថ្លៃប្រកាប់ប្រចាក់គ្នា ធ្វើឲ្យមានភាពរញ៉ែរញ៉ៃខាងក្រៅបន្ទប់ រហូតអ្នករៀបចំហៅជាច្រើនសារឲ្យចូលក្នុងបន្ទប់។
«សំណួរមហាជនសួរថាតើដល់ពេលណា អស់ភាពខុសប្រកតីឬ ក្រុមហ៊ុនមិនចូលដេញថ្លៃនាំគ្នាទៅដេញថ្លៃខាងក្រៅ ទាមទាទឹកតែបែបនេះទៀត?» ៕