(សៀមរាប)៖ អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនៅជុំវិញត្រពាំងសេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មីដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យ។
អ្នកស្រី ស៊ាង ស៊ត អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា កន្លែងនេះលោកស្រីមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយភ្ញៀវជាតិ-អន្តរជាតិ ដែលមកពិសាអាហារនៅទីនេះ។ ទីនេះក៏បានផ្តល់នូវភាពធូរធាដល់ជីវភាពគ្រួសារខ្ញុំ ចិញ្ចឹមកូនៗបានរៀនសូត្រខ្ពង់ខ្ពស់។
ថ្ងៃនេះលោកស្រីរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះអាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មីសម្រាប់ខ្ញុំលក់ដូរបន្ត ដែលថ្មី ស្អាត ហើយមានអនាម័យជាងកន្លែងចាស់។
អ្នកស្រី ស៊ាង ស៊ត ក៏បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំបរិវេណជុំវិញត្រពាំងសេសឱ្យស្អាតដើម្បីអង្គរមានសណ្តាប់ធ្នាប់ មានភាពបៃតង ឱ្យភ្ញៀវទេសចរមកលេងកាន់តែច្រើនលក់ដូរក៏កាន់តែដាច់។
អ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍បោះដុំ និងរាយនៅខាងកើតត្រពាំងសេស បានចាប់ប្រកបរបរនេះតាំងពីឆ្នាំ៩០ជាងនោះ ក៏ពុំបានជំទាស់នឹងវិធានការអភិវឌ្ឍបរិវេណមុខប្រាសាទអង្គរវត្តឡើយ ព្រោះអ្នកស្រីដឹងថាទីនេះជាដីកម្មសិទ្ធិរបស់រដ្ឋ រដ្ឋយកវិញពេលណាក៏នឹងព្រមប្រគល់ជូនដោយស្ម័គ្រចិត្តដូចជាការរុះរើនៅថ្ងៃនេះស្រាប់។
ដំបូងឡើយ អ្នកស្រីក៏មានការបារម្ភណាស់ដែរ តែលុះបានទទួលព័ត៌មានពីអាជ្ញាធរជាតិអប្សរា បានឃើញកន្លែងលក់ដូរថ្មីក៏មានចិត្តសប្បាយរីករាយទទួលយក ព្រោះគ្រប់គ្នាត្រូវតែរុះរើចេញពីទីតាំងត្រពាំងសេសនេះដូចគ្នាទាំងអស់។
ក្នុងស្មារតីស្រឡាញ់អង្គរ ហើយក៏ជាអ្នកទទួលបានផលយ៉ាងច្រើនពីអង្គរ លោក យ៉ាង សុភាព ជាអ្នកលក់ម្ហូបអាហារបានប្រាប់ពីអារម្មណ៍ថា ចំពោះវិធានការរបស់រដ្ឋ លោកក៏តែងតែគាំទ្រ ពិសេសការរុះរើនេះ គឺរដ្ឋបានផ្តល់សំណងឱ្យ ហើយរដ្ឋអនុវត្តការងារនេះស្មើភាពគ្នា ដូច្នេះលោកគ្មានអ្វីដែលជំទាស់ទេ។
យូរហើយដែលយើងលោក យ៉ាង សុភាព បានអាស្រ័យផលនឹងអង្គរ ហើយក៏ដល់ពេលដែលត្រូវតបស្នងដល់អង្គរវិញ។ លោកគាំទ្រអាជ្ញាធរជាតិអប្សរាចំពោះការរៀបចំទីតាំងថ្មីសម្រាប់លក់ដូរ ហើយកែប្រែទីនេះឱ្យមានសោភ័ណភាពស្អាតដើម្បីទាក់ទាញភ្ញៀវ។
លោក សុភាព ក៏សង្ឃឹមថា ការទៅលក់នៅទីតាំងថ្មីនឹងទទួលបានអតិថិជនច្រើនៗ ព្រោះទីនោះស្អាត មានអនាម័យ មានទឹកភ្លើង ងាយស្រួលជាងកន្លែងចាស់៕