(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនៅតែចាត់វិធានការក្តៅក្នុងការពារទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនបន្ធូរនោះឡើយ។
ជាពិសេស នៅតែបន្តពង្រឹង និងបណ្តុះបណ្តាលជំនាញឯកទេបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ ឲ្យកាន់តែមានសមត្ថមភាព។
ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យបន្ទប់ព្យាបាលជំងឺកូវីដ-១៩ពិសេស សម្រាប់ភ្ញៀវកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ B ដែលចូលកម្ពុជា នៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «យើងនៅតែមិនបន្ធូរដៃនោះទេ យើងឃើញហើយនៅប្រទេសជិតខាងជុំវិញយើង និងនៅលើពិភពលោក នៅតែមានទាំងករណីឆ្លងថ្មី ឈឺ និងស្លាប់។ ដូច្នេះ យើងត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់»។
លើសពីនេះ «យើងនៅតែនិយាយហើយនិយាយទៀត ហើយក៏បន្តអំពាវនាវហើយ អំពាវនាវទៀត នូវវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ និងបន្តចុះអប់រំប្រជាពលរដ្ឋបន្ថែមទៀត ឲ្យមានការយល់ដឹងកាន់តែច្បាស់ និងមិនភ្លេចការពារជំងឺឆ្លងកូវីដនេះ»។
សូមជម្រាបថា ដើម្បីជួយសម្រួលដល់អ្នកដំណើរជាមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកម្ពុជា ក្រសួងបានត្រៀមរួចជាស្រេច នូវកន្លែងធ្វើតេស្ដដ៏ពិសេសនៅព្រលានយន្ដហោះ នឹងរៀបចំបន្ទប់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងនៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ដែលនឹងធ្វើរួចរាល់នៅដើមខែកញ្ញា។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅតាមទីសាធារណៈ ត្រូវចេះការពារខ្លួន ប្រើម៉ាស សម្អាតខ្លួនប្រាណដៃជើងឱ្យបានស្អាតជានិច្ច រក្សាគម្លាតបុគ្គល និងសង្គម ចៀសបានសូមកុំទៅទីប្រជុំជនដែលមានគ្នាច្រើន ហើយបើមានករណីសង្ស័យ អាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាល ឬរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិឃុំរបស់ខ្លួន៕