(រតនគិរី)៖ អភិបាលរងខេត្តរតនគិរី លោក លន់ សុភាព បានបង្ហាញរបាយការណ៍ឱ្យដឹងថា ក្នុងរយៈពេលឆមាសទី១ ដើមឆ្នាំ២០២០ កន្លងមកទៅ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តភាគឦសានមួយនេះ បានអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣៩លើក ស្មើនឹង ២៩ករណី ខណៈអ្នកពាក់ព័ន្ធជាជនជាតិខ្មែរ និងវៀតណាមសរុប ១០៦នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តរតនគិរី នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកអភិបាលខេត្តបានថ្លែងថា ក្នុងចំណោម២៩ករណីនេះ មានករណីជួញដូរចែកចាយ ២៣ករណី និងករណីប្រើប្រាស់ ៦ករណី ព្រមទាំងបានចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ១០៦នាក់ ក្នុងនោះស្រី ១៥នាក់ ដែលមានសញ្ជាតិខ្មែរចំនួន ៨៩នាក់ ស្រី១១នាក់ និងសញ្ជាតិវៀតណាមចំនួន ១៧នាក់ ស្រី ៤នាក់។
សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ២គ្រាប់ ទូរស័ព្ទដៃចំនួន ៧៩គ្រឿង រថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន ៤២គ្រឿង ដាវសាំមូរ៉ៃចំនួន ១០ដើម អាវុធកែច្នៃចំនួន ០៧ដើម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៤គ្រឿង ប្រាក់រៀលចំនួន ៣,៦៧៦,៥០០រៀល ប្រាក់ដុល្លារចំនួន ៥០ដុល្លារ ប្រាក់ដុងចំនួន ៩០០,០០០ដុង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យរួមនឹងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ឃើញថាបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកើនជាងឆ្នាំ២០១៩ ចំនួន ៤ករណី ស្មើនឹង ១៦% និងសកម្មភាពបង្ក្រាបកើនជាងឆ្នាំ២០១៩ ចំនួន ១៤លើក ស្មើនឹង ៥៦%។
នាយឧត្តសេនីយ៍ ម៉ក់ ជីតូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការខេត្ត ដែលបានសម្រេចលទ្ធផលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយទទួលបានការអបអរសាទរគាំទ្រ និងមានការចូលរួមយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។
បន្ថែមលើនេះទៀត នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុងនូវរាល់បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយមុននឹងអនុវត្តច្បាប់ សមត្ថកិច្ចទាំងអស់ត្រូវតែជៀសឱ្យបានដាច់ខាតនូវ ៣កុំ ១រាយការណ៍៖ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀន៕