(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ចាត់វិធានការនិងរកដំណោះស្រាយ លើករណីបូមខ្សាច់លុបផ្លូវទឹក សម្រាប់ផលិតអំបិល នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួម ពីក្រុមការងារ ដែលមានអភិបាលរងខេត្ត អាជ្ញាធរ ឃុំ ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងការពិនិត្យពិភាក្សាដើម្បីជំរុញចាត់វិធានការដោះស្រាយ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមលិខិតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនុវានុវត្តន៍ ដែលបានស្នើដល់រដ្ឋបាលខេត្តកំពត។
លោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ដោយបានដាក់ចេញជាវិធានការដោះស្រាយ ចំនួន៥ចំណុច រួមមាន៖
១៖ រដ្ឋបាលខេត្ត មិនមានសិទ្ធយកដីរបស់រដ្ឋ ដោះស្រាយឲ្យបុគ្គលណាឈ្នះ ឬចាញ់បានទេ គឺត្រូវរក្សាឲ្យនៅដដែល ដីរដ្ឋនៅតែដីរដ្ឋ ហើយត្រូវតែអនុវត្តតាមច្បាប់ជាធរមាន។
២៖ ពាក់ព័ន្ធទំនាស់រវាង បុគ្គលលោកគង់ សំណាង និងលោក ស៊ុន ណូន បើបុគ្គលទាំងពីរនេះ បន្តនីតិវិធីទៅតុលាការគឺជាសិទ្ធិរបស់បុគ្គលទាំងពីរ រដ្ឋបាលខេត្តគ្មានសិទ្ធិ ឃាត់គាត់ទាំងពីរបានឡើយ។
៣៖ ពាក់ព័ន្ធករណី លោក ស៊ុន ណូន ប្រើប្រាស់កាន់កាប់ដីមានទីតាំងទំហំ ៨ហិកតា ក្នុងតំបន់នេះមានព្រៃកោងកាង សូមឱ្យគាត់បើកផ្លូវទ្វាទឹក និងប្រព័ន្ធស្រែអំបិលដែលមានពីមុនមក និងឲ្យរក្សាកែសម្រួលរៀបចំឡើងវិញ។
៤៖ ពាក់ព័ន្ធបុគ្គល លោកស្រី សេង វួចលៀង ដែលបានកាន់កាប់ដីព្រៃកោងកាងស្រែអំបិលដែលមានទំហំចំនួន ៥ហិកតា ក្នុងតំបន់នេះដែរ សូមឲ្យក្រុមការងារ បន្តចាត់ការតាមនីតិវិធីច្បាប់ ក្នុងនាមរដ្ឋបាលខេត្ត។
៥៖ ក្នុងនាមក្រុមការងាររដ្ឋបាលខេត្ត ត្រូវជំរុញចាត់វិធានការដោះស្រាយ ឲ្យបានមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយក្នុងនោះត្រូវបានអនុវត្តតាមការណែនាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានផ្ដល់ជូនរដ្ឋបាលខេត្ត ដោយចាត់វិធានការផ្លូវច្បាប់ទៅតាមបណ្ដឹងព្រះរាជអាជ្ញា។
សូមបញ្ជាក់ថា ករណីបូមខ្សាច់លុបផ្លូវទឹកសម្រាប់ផលិតអំបិល នៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ នេះ ក៏បានកើតឡើង ជាដើមចមកើតការទំនាស់រវាងបុគ្គល និងបុគ្គលកាន់កាប់រំលោភដីសាធារណៈក្នុងតំបន់ឆ្នេរនេះ ដែលកិច្ចប្រជុំពេលនេះបានលើកតាមរយៈការបំភ្លឺពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការដោះស្រាយ និងចាត់វិធានការតាមនីតិវិធី ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕