(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងសម័យកូវីដ១៩ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ មកពីបួនឃុំនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមវត្តមានលោក គៀង សេងគី ប្រធានសមាគមនិងជាមេឃុំត្បូងក្រពើ ស្រុកសន្ទុក ដោយមានការចូលរួមពីសមាជិក សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដី ដែលមានបួនទីតាំងផ្សេងៗគ្នានៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ ២០២០។
លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប (EU) អង្គការអប់រំសុខភាព និងបរិស្ថាន (EHE) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយរដ្ឋបាលស្រុកសណ្តាន់ និងឃុំទាំងបួន មានឃុំសណ្តាន់ ឃុំមានរីទ្ធិ ឃុំដងកាំបិត និងឃុំសុចិត្រ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងសម័យកូវីដ១៩។
ជាមួយគ្នានេះ លោក គៀង សេងគី បានថ្លែងអំណរគុណដល់អង្គការដៃគូ និងអាជ្ញាធរដែនដីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាក់ស្តែងគ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈ ក្នុងសម័យកូវីដ១៩នេះ បើទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាន នូវជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាមរឺជម្ងឺផ្សេងៗ។
ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឲ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
លោក គៀង សេងគី បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀងឲ្យចំគោលដៅ ទុកដាក់ឯកសារឲ្យបានត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីបានថ្លែងអំនរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ មកពី៤ឃុំ ក្នុងនោះឃុំសណ្តាន់ ១១០ គ្រួសារ ឃុំដងកាំបិត៨០គ្រួសារបានផ្តល់ជូននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឃុំមានរិទ្ធិ ១១០គ្រួសារ និងឃុំសុចិត្រ១០០គ្រួសារ បានផ្តល់ជូននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យួរ៕