(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋថៃម្នាក់ ក្នុងចំណោម៩នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារដើរជាន់មីនតោនបណ្តាលឲ្យផ្ទុះកក្រើកឡើង ពេលកំពុងដើរដកផ្សិតក្នុងព្រៃ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ទល់មុខភូមិសាស្ត្រប៉ុស្តិ៍ចុងព្រិច ក្បែរផ្លូវឡានចាស់សមយ័តាម៉ុក ក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុខខាងថៃភូមិច្របាច់ ឃុំច្របាច់ ស្រុកប៊ូឆេត ខេត្តសុរិន្ទ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ជនជាតិថៃម្នាក់ដែលស្លាប់ដោយសារដើរជាន់មីនតោនមានឈ្មោះ មុ ភីតតា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឆុងលួង ឃុំទឹកឈូ ស្រុកភូស៊ីង ខេត្តស៊ីសាកេត។ សាកសពរបស់ជនរងគ្រោះ ត្រូវគេប្រទះឃើញដាច់ជាច្រើនកំណាត់។
នៅវេលាម៉ោង០១៖១៥នាទីថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុបចំនួន២៨នាក់ ដឹកនាំដោយលោកផាត់ថាណាផឹងផុន អភិបាលរងស្រុកប៊ូឆេត ខេត្តសុរិន្ទ បានសុំសហការជាមួយកងកម្លាំងការពារតាមព្រំដែនរបស់កម្ពុជា ដើម្បីត្រួសត្រាយផ្លូវដាក់ម៉ាស៊ីនរាវមីននៅបរិវេណកន្លែងកើតហេតុ ប្រមូលបំណែកសាកសពវេចខ្ចប់យកទៅធ្វើបុណ្យតាមប្រពៃណី៕