(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតមួយ អំពាវនាវឱ្យសាធារណជនទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មានអំពីទីតាំងផលិត ចែកចាយផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតដែលបន្លំធ្វើសមត្ថកិច្ចជំនាញ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា ខ្លួនបានពិនិត្យឃើញថា មានផលិតផលក្លែងក្លាយ ខុសច្បាប់ ខូចគុណភាព ហួសសុពលភាពប្រើប្រាស់ បន្លំគុណភាព បន្លំការវេចខ្ចប់ ឬស្តុកទុកមិនត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស ទាំងផលិតផលក្នុងស្រុក និងនាំចូល រួមទាំងផលិតផលកែច្នៃ ដោយគ្មានការ អនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ច ហើយបានកំពុងបន្លំលក់ និងចរាចរនៅលើទីផ្សារ ជាមួយផលិតផលពិត មានច្បាប់អនុញ្ញាតត្រឹមត្រូវ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដែលជា ហានិភ័យសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ។
«ជាមួយគ្នានេះដែរ នាពេលថ្មីៗមានក្រុមទុច្ចរិតបានបន្លំ និងតាំងខ្លួនជាសមត្ថកិច្ចមកពី គណៈកម្មាធិការ គ.ប.ផ.ក ក្នុងន័យបង្កាច់បង្អួចកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាពក្រោមរូបភាពគំរាម និងជំរិតរកលាភសក្ការៈពីម្ចាស់អាជីវកម្មនានា ជាហេតុនាំឱ្យមានការយល់ច្រឡំដល់មតិសាធារណជន និងក្រសួងស្ថាប័ននានា ដែលកំពុងអនុវត្តតាមបទបញ្ញត្តិ នៃច្បាប់ជាធរមាន។ សូមបញ្ជាក់ថា ការចុះបំពេញការងាររបស់សមត្ថកិច្ចមកពីគណៈកម្មាធិការ គ.ប.ផ.ក ត្រូវមានលិខិតបង្គាប់ការចេញដោយ ប្រធានគណៈកម្មាធិការ និងការសហការពីស្ថាប័នពាក់ព័ន្ធបង្កើតជាក្រុមការងារ ដោយមិនមានការចុះជាបុគ្គលនោះទេ»។ នេះបើតាមសេចក្តីប្រកាស។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្ថែមទៀតថា ដើម្បីរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ការចរាចរផលិតផល ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឬសកម្មភាពទុច្ចរិតខាងលើឱ្យមានប្រសិទ្ធភាព គណៈ កម្មាធិការ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំង ផលិតការចែកចាយផលិតផលគ្មានការអនុញ្ញាត និងក្រុមទុច្ចរិតទាំងអស់នោះ ជូនដល់គណៈកម្មាធិការ នៅរៀងរាល់ម៉ោងធ្វើការតាមរយៈ អាសយដ្ឋាននៅ លេខាធិការដ្ឋាន នៃ គ.ប.ផ.ក អគារ H ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ ឬ លេខទូរស័ព្ទបន្ទាន់ +៨៥៥ ៨៥ ៩៧១៩៧១ និងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook Page) «គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee» ដើម្បីចុះពិនិត្យ ស្រាវជ្រាវ តាមដានស៊ើបអង្កេត និងឈានដល់ការចុះអនុវត្តនីតិវិធីនៃច្បាប់ដោយសហការ ជាមួយសមត្ថកិច្ច នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖