(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកត្តាសំខាន់សម្រាប់ ឈានឆ្ពោះទៅសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ដោយក្នុងនោះធនាគារជាតិបានបង្កើត វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ក្នុងកម្មវិធីអភិវឌ្ឍ៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើង ក្រោមការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

វគ្គសិក្សា NBC-FSI Connect បង្កើតឡើងក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើនៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។

វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជា៣កម្រិតគឺ កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ។

នៅដើមឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកសរុបប្រមាណ៣០៣រូប និងដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឱ្យប្រឡងតាមប្រព័ន្ធ Online ជាផ្លូវការជាបន្តបន្ទាប់។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងផ្លូវការលើកទី៣១ តាម Online ចំពោះមុខគណៈកម្មការគ្រប់គ្រង សម្រាប់បេក្ខជនចំនួន៦៨រូប ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់លោកទេសាភិបាល។

នៅក្នុងការប្រឡងផ្លូវការលើកទី៣១នេះ មានមន្ត្រីចំនួន២រូប បានបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន១រូប បញ្ចប់កម្រិតមធ្យម និង៤រូបបញ្ចប់កម្រិតបឋម។

សូមបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ៕