(កំពង់ឆ្នាំង)៖ គ្រួសារកសិករមួយគ្រួសាររស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានបច្ចេកទេសផ្នែកដំណាំប័រ បានសម្តែងការរីករាយយ៉ាងក្រៃលែង ដោយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពួកគាត់ទទួលបានជោគជ័យក្នុងការបណ្ដុះកូនប័រ លក់ចេញជូនអតិថិជនតាមបណ្ដាខេត្ត បានរហូតរាប់ម៉ឺនដើម ទោះបីក្នុងអំឡុងមានវិបត្តិកូវីដ១៩ក៏ដោយ។ ភាពជោគជ័យរបស់ពួកគាត់ ដោយសារតែអតិថិជនដែលបានជាវកូនប័រ យកទៅដាំបន្តនៅតាមបណ្ដាខេត្ត មិនមានជួបនូវឧបសគ្គផ្នែកបច្ចេកទេសណាមួយ ក្នុងការដាំដុះឡើយ។

ទាំងនេះគឺជាមោទនភាពមួយ ដែលពួកគាត់បានខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការយកឈ្នះ ការដាំដំណាំប័រដោយទទួលបានជោគជ័យ រហូតចែកជូនចំណេះដឹងដល់អតិថិជន ដែលមានចំណង់ចំណូលចិត្តផ្នែកដំណាំប័រ ដែលបានជាវកូនប័រយកទៅដាំបន្តនៅតាមបណ្ដាខេត្ត ដោយទទួលបានជោគជ័យបន្ថែមទៀត ដោយសារតែប្រជាកសិករ ដែលបានជាវកូនប័រយកទៅដាំទាំងអស់នោះ អនុវត្តតាមការណែនាំ ផ្នែកបច្ចេកទេស យ៉ាងច្បាស់លាស់ពីម្ចាស់ចម្ការ។

តាមការបញ្ជាក់ដល់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោកស្រី ហង្ស សេងហ៊ុន កសិករដែលបានដាំ និងបណ្តុះដំណាំប័រនេះលក់ បានឲ្យដឹងថា បន្ទាប់ពីបានខិតខំដាំដំណាំមួយប្រភេទនេះយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៤ឆ្នាំមក គាត់ទទួលបានទិន្នផលផ្លែប័រនេះ និងបានលក់ទៅកាន់ទីផ្សាររយៈពេល២ឆ្នាំហើយ តែទិន្នផលទាំងនេះ មិនទាន់បានផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ ដូចផ្លែប័រនៅក្រៅប្រទេសនោះឡើយ។

ការដាំដំណាំនេះក្នុងឆ្នាំដំបូងលើផ្ទៃដីចម្ការរបស់គាត់ប្រមាណជា៥ហិកតា នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺទទួលបរាជ័យ តែបន្ទាប់ពីទទួលបានបទពិសោធន៍នៃការបរាជ័យរួចមក គាត់បានសិក្សាស្រាវជ្រាវបន្ថែមតាមប្រព័ន្ធអ៊ីនធឺណែត និងបន្ទាប់ពីការព្យាយាមមួយរយៈ គាត់ទទួលបានជោគជ័យលើការដាំដំណាំប័រ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងរយៈពេល២ខែចុងក្រោយនេះ ការបណ្តុះកូនប័រលក់របស់គាត់ ក៏ទទួលបានជោគជ័យបន្ថែមទៀតផងដែរ។

ក្នុងរយៈពេល២ខែចុងក្រោយនេះ បើទោះជាស្ថិតនៅក្នុងរដូវកូវីដ-១៩នេះក៏ដោយ ក៏គាត់បានក្លាយជាអ្នកផ្គត់ផ្កង់កូនប័រលក់ទៅឲ្យកសិករផ្សេងៗទៀត នៅតាមបណ្តាខេត្តមួយចំនួន យកទៅដាំបន្តដោយលក់កូនប័រអស់ប្រមាណជាង៤ម៉ឺនកូន ដែលក្នុងកូនប័រ១ ដើមលក់តម្លៃពី៣ទៅ៥ដុល្លារអាមេរិក ហើយរាល់ថ្ងៃក៏មានអ្នកបញ្ជាទិញជាហូរហែរមិន ដែលខាននោះឡើយ។

កសិករ ហង្ស សេងហ៊ុន បានបន្តថា បើតាមចាស់ៗដែលរស់នៅក្នុងស្រុកបាននិយាយថា ដំណាំប័រនេះ បើដាំក្នុងដីកំពង់ឆ្នាំង គឺមិនរស់នោះទេ គឺដាំបានតែតំបន់ដីក្រហមប៉ុណ្ណោះ ដូចជាមណ្ឌលគីរី រតនគីរីជាដើម។ ដោយសារការស្រឡាញ់កសិកម្ម និងចង់ឲ្យមានដំណាំប័រកើតឡើងក្នុងទឹកដីកំពង់ឆ្នាំងផងនោះ គាត់និងក្រុមគ្រួសារបានព្យាយាមរហូតទទួលបានជោគជ័យ និងមានការគាំទ្រពីអ្នកបរិភោគ រហូតមិនអាចបំពេញតម្រូវការដល់អតិថិជន ដែលចង់បានផ្លែប័ររបស់គាត់យកទៅទទួលទានបានទៀតផង។

បច្ចុប្បន្ននេះផ្លែប័រ របស់គាត់កំពុងតែពេញ និយមពីសំណាក់ប្រជាពលរដ្ឋជាអ្នកទទួលទាន និងកសិករដែលមានបំណងចង់ដាំដំណាំប័រនេះ រហូតដល់កូនប័រជាង ៤ម៉ឺនកូនគាត់បានលក់អស់ និងកំពុងបណ្តុះបន្តប្រមាណជិត ១០ម៉ឺនកូនបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការលើទីផ្សារ អ្នកចំការប័រនៅតាមបណ្ដាខេត្តផ្សេងៗ។

ដោយឡែក ក្នុងចំការប័ររបស់គាត់បានផ្តល់ផល២ឆ្នាំជាប់ៗគ្នា ដោយប្រមូលផលជាពីរដំណាក់កាល ដោយក្នុងមួយសប្តាហ៍គាត់ប្រមូលផលបានជាង ១០០គីឡូក្រាម និងប្រមូលបានក្នុងរយៈពេល ១០ខែ។ កសិកររូបនេះបានប្តេជ្ញាថា គាត់នឹងពង្រីកការដាំប័រនេះបន្តទៀត ដោយសារតែគាត់ចេះចាំ និងមាន បទពិសោធន៍ក្នុងការដាំដើមប័រ យ៉ាងស្ទាត់ជំនាញ ដើម្បីឲ្យដំណាំប័រមានគុណភាព និងទទួលផលល្អផងដែរ៕