(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២០។
លទ្ធផលនៃកិច្ចប្រជុំនេះទទួលបានដូចខាងក្រោម៖
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១២
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈ និងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំបន់។ ក្នុងនោះ កិច្ចប្រជុំបានពិភាក្សា លើការអភិវឌ្ឍលើផែនការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាពង្រឹងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ ដើម្បីធ្វើឲ្យបណ្តាញផ្គត់ផ្គង់នេះ កាន់តែមានភាពរឹងមាំ និងមិនឲ្យងាយរងផលប៉ះពាល់ នាពេលអនាគត។
កិច្ចប្រជុំក៏បានអនុម័តផែនការសកម្មភាព CLMV ២០២១-២០២២ ដែលនឹងផ្តោតសំខាន់លើវិស័យចំនួន៥ គឺកិច្ចសហប្រតិបត្តិ្កការពាណិជ្ជកម្មនិងវិនិយោគ
ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់ ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ CLMV ធនធានមនុស្ស និងផែនការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។
កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥២
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តសមិទ្ធិផលសេដ្ឋកិច្ច របស់វៀតណាមឆ្នាំ២០២០ និងបានលើកទឹកចិត្ត ដល់អង្គភាពពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងគោលដៅសម្រេចឱ្យបាននូវសមិទ្ធិផលទាំងអស់ក្នុងឆ្នាំនេះ។
កិច្ចប្រជុំក៏បានពិភាក្សា លើស្ថានភាពវិវត្តន៍ក្នុងតំបន់ និងសកលជាពិសេសផល ប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីកូវីដ-១៩ ដោយផ្តោតសំខាន់លើការរក្សាការបើកទីផ្សារ ការលុបបំបាត់របាំងពាណិជ្ជកម្ម ការរក្សាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លើយតប ទៅនឹងការរីករាលដាលនៃកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ
លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្ត របស់វិស័យធុរកិច្ច និងអតិថិជន។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏ជម្រាបជូនអង្គប្រជុំពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា និងវិធានការដ៏មានប្រសិទ្ធភាព និងមុតស្រួចដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាពុំមានអ្នកស្លាប់ដោយសារកូវីដ-១៩។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប)
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការចរចា និងដោះស្រាយបញ្ហាសេសសល់ សម្រាប់ការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀង អាសិបនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ ឆ្នាំ២០១៩។
ក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយវិបត្តិកូវីដ-១៩នេះ រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់ លើការបើកចំហទីផ្សារ (ទំនិញ សេវាកម្ម និងវិនិយោគ) ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីទាំងអស់ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការចរចាបើកទីផ្សារ (ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ) និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលវាមានសារៈសំខាន់ខ្លាំង ក្នុងការផ្តល់សញ្ញាទៅកាន់ពិភពលោក អំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសសម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩៕