(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ២០ភាគរយ។
បើតាមប្រកាសពន្ធនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែដោយសារត្រូវការពេលវេលា ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលា ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២១។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «តាមពិតរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែយើងខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេលនៃការអនុវត្តលើពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១វិញ»។
លោកបន្តថា សម្រាប់ពន្ធលើចំណេញមូលធននេះ មិនមែនជាការបង្កើតពន្ធថ្មីនោះឡើយ។ ពន្ធនេះមានក្នុងច្បាប់ថវិកាឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យារពេលដល់ឆ្នាំ២០២០នេះ៕