(ភ្នំពេញ)៖ នារីជាកម្មការិនីរោងចក្រ Minebea ម្នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវអតីតសង្សារចាក់សម្លាប់ ដោយកាំបិតចុងស្រួច ចំនួន១៩កាំបិត ខណៈជិះម៉ូតូទៅធ្វើការ បន្ទាប់ពីធ្វើសកម្មភាពរួម ជនដៃដល់បានជិះម៉ូតូរត់មកចង.ក សម្លាប់ខ្លួនឯង តាមក្រោយនៅក្នុងវត្តស្ងួនពេជ្រ ព្រោះខឹងនឹងនារីរងគ្រោះមិនឱ្យចូលស្តីដណ្តឹង។
ហេតុការណ៍ឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពនារីរងគ្រោះមានឈ្មោះ យឺន ស្រីនី អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គីសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនដៃដល់ដែលជាអតីតសង្សារឈ្មោះ ឆន លឹមតិច អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួស ខេត្តកណ្តាល។
តាមសម្តីរបស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលមិញជនសង្ស័យរូបនោះ បានទៅសុំគាត់ចូលស្តីដណ្តឹងកូនស្រីគាត់ តែគាត់មិនព្រមឱ្យ ព្រោះកូនស្រីគាត់បានប្រាប់ថា មិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំងពីរធ្លាប់ស្រឡាញ់គ្នា កាលពីនៅរៀនវិទ្យាល័យក៏ដោយ ហើយពួកគេទាំង២នាក់ បានផ្តាច់ការទាក់ទងជាមួយគ្នាកាលពីជាងកន្លះឆ្នាំមកហើយ ព្រោះជនសង្ស័យខាងលើបានលួចទាក់ទងស្រីផ្សេង ធ្វើឱ្យកូនស្រីគាត់ឈឺចិត្ត ដោយមិនអាចយកធ្វើជាគូអនាគតបានទេ។
ម្តាយនារីសពនារីរងគ្រោះបានបន្តថា កាលពីយប់មិញនេះ ជនសង្ស័យបានឆាតទៅកូនស្រីគាត់ ដោយបាននិយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់ នៅតែប្រកែកមិនទទួលយកដដែល ហើយក៏មានការឈ្លោះប្រកែកតាមឆាតផងដែរ។ លុះនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧៖៥០នាទី ក៏មានគេទៅប្រាប់រូបគាត់ថា កូនស្រីរបស់គាត់ ត្រូវគេចាក់សម្លាប់ស្លាប់បាត់ទៅហើយ។
បើតាមប្រភពព័ត៌មានពីសន្តិសុខ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ បានប្រាប់ពីភិនភាគជនសង្ស័យទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគ ដែលម្តាយនារីរងគ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារីរងគ្រោះ។
ក្រោយពេលកើតហេតុ ជនដៃដល់បានជិះម៉ូតូរត់មកចង.ក សម្លាប់ខ្លួនឯង នៅក្នុងវត្តស្ងួនពេជ្រតែម្តង ហើយក៏មានប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ចង.ក សម្លាប់ខ្លួន ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ជាក់ស្តែង នៅពេលដែលសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងខាងលើ ស្រាប់តែឃើញជនដៃដល់ជាឃាតក បានចង.កខ្លួនស្លាប់បាត់ទៅហើយ ដោយនៅជាប់ខ្លួនជនដៃដល់ មានប្រឡាក់សុទ្ធឈាមនារីរងគ្រោះ៕