(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បាននាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង WATERGEN ( ប្រភេទGEN-M ) ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់មន្ទីពេទ្យគន្ធបុប្ផា។

ពិធីប្រគល់-ទទួលនេះបានធ្វើឡើងនៅមន្ទីពេទ្យគន្ធបុប្ផាដោយលោកវេជ្ជបណ្ឌិត គី សាន់ទី ប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ជាអ្នកទទួលផ្ទាល់ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃក្រសួង សាធារណការ និងដឹកជញ្ជូន រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យ ជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង ដែលបានប្រគល់នៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងកំឡុងពេលនាំកូនចៅមកទទួលសេវាព្យាបាលនៅក្នុងមន្ទីពេទ្យគន្ធបុប្ផា ដើម្បីកាត់បន្ថយការយកមកនូវទឹកបរិសុទ្ធមកតាមខ្លួន និងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៉ីស្រាអែល ហើយមានសមត្ថភាព ផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ម៉ាស៊ីនផលិតទឹកសុទ្ធនេះ គឺទាញយកខ្យល់ក្នុងបរិយាកាសមកផលិតជាទឹកបរិសុទ្ធតែម្តង។

លោកវេជ្ជបណ្ឌិត គី សាន់ទី ប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា ម៉ាស៊ីនផលិតទឹកនេះ ពិតជាផ្តល់សារៈសំខាន់សម្រាប់មន្ទីរពេទ្យ ជាពិសេសប្រជាពលរដ្ឋដែលនាំកូនចៅមកពិនិត្យ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រមាណជិត ៤ពាន់នាក់ក្នុង១ថ្ងៃ អាចប្រើប្រាស់ម៉ាស៊ីនផលិតទឹកស្អាតនេះបាន ប្រកបដោយគុណភាព និងកាត់បន្ថយការចំណាយទិញ ទឹកពីខាងក្រៅបានផងដែរ។

សូមបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យល់ ក្នុងបរិយាកាសដោយស្វ័យប្រវត្តិ បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថាន និងដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតបរិភោគជាចាំបាច់នៅក្នុងមន្ទីពេទ្យ ក៏ដូចជាធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានា និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់បានផងដែរ

សូមជម្រាបថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់៕