(សៀមរាប)៖ សំណង់ភោជនីយដ្ឋាន អគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ពីបរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។
កិច្ចការនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។
ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន។
តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងកែប្រែតំបន់អតីតសំណង់ដែលរុះរើនេះហើយ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរក្រអូបៗផង ជាការកែប្រែទីនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់ប្រសើរឡើង៕