(ពោធិ៍សាត់)៖ បច្ចុប្បន្ននេះ ការរីករាលដាល់នៃជំងឺកូវីដ១៩ នៅតែជាក្ដីបារម្ភ បើទោះបីជាវ៉ាក់សាំងការពារត្រូវបានបណ្តាប្រទេសមួយចំនួន បានធ្វើតេស្តសាកល្បង និងចេញលក់យ៉ាងណាក្តី តែ តម្រូវការ នៃការប្រើប្រាស់ម៉ាសក្នុងបណ្ដាប្រទេសនីមួយៗ ជាក់ស្តែងនៅប្រទេសកម្ពុជា ក៏នៅមានកើនឡើងជាលំដាប់ ដែលធ្វើឱ្យម៉ាសមានតម្លៃខ្ពស់ និងពិបាកក្នុងការស្វែងរកទិញ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនមួយ បានបោះទុនវិនិយោគ ដែលត្រៀមបើកដំណើរការរោងចក្រផលិតម៉ាស និងស្រោមដៃ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើយោងតាមលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
លោកអភិបាលស្រុក លីវ សេងហ៊ីម បានឱ្យដឹងទៀតថា ក្រុមហ៊ុននោះ មានទីតាំងផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបានបន្ថែមថា នៅចុងខែតុលា ឆ្នាំ២០២០ឆាប់ៗខាងមុខ ក្រុមហ៊ុននឹងចាប់ផ្តើមបើកដំណើរការ និងត្រូវការកម្លាំងពលកម្ម ប្រមាណជាង៣ពាន់នាក់ សម្រាប់ខ្សែចង្វាក់ផលិតម៉ាស និងស្រោមដៃមួយនេះ ដែរនេះគឺជាការឆ្លើយតបជាពិសេសមួយទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាលស្នើឱ្យបណ្តារោងចក្រកាត់ដេរនានា សូមចូលរួមជួយផលិតម៉ាស ឱ្យកម្មករប្រើប្រាស់ឱ្យបានគ្រប់គ្នា និងជួយផ្គត់ផ្គង់ដល់រដ្ឋ ស្របពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្នុងស្រុកក្រគរ និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ទទួលបានពីការខិតខំប្រឹងប្រែងគៀងគរអ្នកវិនិយោគរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំពុះពារគ្រប់បែបយ៉ាង នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជូនជាតិមាតុភូមិ៕