(ភ្នំពេញ)៖ កម្មវិធីសិទ្ធិការងារក្នុងប្រទេសកម្ពុជា របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្ដដោយមជ្ឈមណ្ឌលសាមគ្គីភាព កំពុងគាំទ្រសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ដល់តំណាងសហជីពចំនួន៨០នាក់ ដើម្បីលើកកម្ពស់សមធម៌ នៃលក្ខខណ្ឌការងារក្នុងរោងចក្រ ដែលរួមបញ្ចូលទាំងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមកបំពេញការងារ របស់កម្មករនិយោជិត។
អង្គការមូលនិធិបង្ការរបួសអាស៊ី ដែលជាអង្គការដៃគូរបស់មជ្ឈមណ្ឌលសាមគ្គីភាព ប្រារព្ធសិក្ខាសាលាលើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបង្ហាញឲ្យឃើញច្បាស់នូវ ទស្សនៈវិស័យអំពីគោលនយោបាយ សុវត្ថិភាពចរាចរណ៍ ដើម្បីការពារសុវត្ថិភាពកម្មករ និយោជិតរោងចក្រនៅលើដងផ្លូវ ដែលជាផ្នែកមួយនៃកម្មវិធី «លើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា»។
ទស្សនៈវិស័យទាំងនោះ រួមមាន៖ ការបើកវគ្គបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តដឹកជញ្ជូនរួម, ការជំរុញឲ្យកម្មករនិយោជិត ដែលធ្វើដំណើរតាមម៉ូតូអាចទទួលបាននូវមួកសុវត្ថិភាព ដោយឥតគិតថ្លៃ, ការបណ្តុះបណ្តាលអំពីបច្ចេកទេស នៃការបើកបរម៉ូតូដោយឥតគិតថ្លៃ ដល់កម្មករនិយោជិត, ការប្តូរពីមធ្យោបាយដឹកជញ្ជូនរួមដោយប្រើរថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងការអនុម័ត និងដាក់ឲ្យប្រើប្រាស់គោលនយោបាយសុវត្ថិភាពចរាចរណ៍ សម្រាប់អនុវត្តនៅតាមរោងចក្រទូទាំងប្រទេស។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចំរើនគួរឲ្យកត់សម្គាល់ ប៉ុន្ដែសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត នៅតែជាបញ្ហាប្រឈម ប្រកបដោយគ្រោះថ្នាក់។ ជាលទ្ធផល អត្រាស្លាប់ និងរងរបួសនៅតែមានកម្រិតខ្ពស់។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានថ្លែងថា «កម្មកររោងចក្រគឺជាផ្នែកដ៏ធំមួយនៃសហគមន៍។ ការរួមចំណែករបស់ពួកគេចំពោះប្រទេសជាតិ និងសេដ្ឋកិច្ចគួរតែទទួលបានការយកចិត្តទុកដាក់ លើការថែទាំផ្នែកសុខុមាលភាព និងសុវត្ថិភាព»។
លោកស្រីបន្តថា សហជីពកម្មករដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារផលប្រយោជន៍ របស់កម្មកររោងចក្រដែលមិនត្រឹមតែផ្តោតទៅលើ «សិទ្ធិ» ក្នុងលក្ខខណ្ឌកំពុងបំពេញការងារក្នុងរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងពេលធ្វើដំណើរ ទៅមកបំពេញការងារទៀតផង។ ដូច្នេះហើយ ទើបចាំបាច់ត្រូវមានកិច្ចសហការល្អរវាងសហជីពកម្មករ និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពសុខដុម និងដំណើរការល្អនៅក្នុងរោងចក្រសហគ្រាស។
នាយកស្ថានបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Veena Reddy លើកឡើងក្នុងសិក្ខាសាលាថា «ពួកយើងសង្ឃឹមថា សិក្ខាសាលានេះ នឹងចូលរួមក្នុងការស្វែងរកដំណោះស្រាយ ដើម្បីធានានូវការធ្វើដំណើរប្រកប ដោយសុវត្ថិភាពសម្រាប់កម្មករ និយោជិតនៅក្នុងវិស័យការងារ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា «ថ្នាក់ដឹកនាំសហជីពកម្មករ មានតួនាទីសំខាន់ក្នុងការទាក់ទាញមតិគាំទ្រ ក្នុងនាមតំណាងឲ្យសមាជិករបស់ពួកគេ ដើម្បីភាពកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ រួមទាំងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងមធ្យោបាយក្នុងការធ្វើដំណើរផងដែរ។
លោកបន្ដទៀតថា «យើងសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ សហជីពកម្មករនឹងទទួលបានការលើកទឹកចិត្ត ឲ្យហ៊ានលើកឡើងអំពីបញ្ហានៃការធ្វើដំណើរ និងធ្វើការអំពាវនាវ ដល់ក្រុមបញ្ជាទិញ និងរោងចក្រឲ្យចាត់បញ្ហាសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិតជាអាទិភាពខ្ពស់»។
លោក William Conklin នាយកមជ្ឈមណ្ឌលសាមគ្គីភាព ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការដោះស្រាយបញ្ហាសិទ្ធិ និងសុវត្ថិភាពកម្មករ និយោជិតពុំអាចសម្រេចបានដោយដំណោះស្រាយតែមួយឯកឯងឡើយ។ វាពឹងផ្អែកលើការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការពីសំណាក់ថ្នាក់ដឹកនាំផ្នែកសុវត្ថិភាព ភាគីឧស្សាហកម្ម និងសហជីព និងដៃគូ ក៏ដូចជាការផ្លាស់ប្តូរជារូបិយដូចជាការផ្តល់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់ និងសិក្ខាសាលាអប់រំដែលអាចជួយលើកកម្ពស់ការរស់នៅរបស់កម្មករ និយោជិត»៕