(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់នាយទាហាន ពលទាហានបន្តវេន និងនាយទាហានវិក្រឹតការត្រូវទប់ស្កាត់បុគ្គលណាដែលមានបំណងចង់បំផ្លាញសន្តិភាព និងត្រូវចូលរួមជួយអប់រំផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមហាជនទូទៅឱ្យយល់ដឹងពីតម្លៃនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ការក្រើនរំឮកបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានបន្តវេនជំនាន់ទី១៣ និងបើកវគ្គបំប៉នក្រឹតការនាយទាហានជំនាន់ទី៦ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «បុគ្គលណាដែលមានបំណងចង់បំផ្លាញសុខសន្តិភាព យើងទាំងអស់គ្នាត្រូវតែរួមគ្នាទប់ស្កាត់ ហើយការពារឱ្យបាននៅតម្លៃនៃសន្តិភាព។ ត្រូវចូលរួមជួយអប់រំ ដល់នាយ ពលទាហានរបស់យើង ដល់គ្រួសារយើង មិត្តភក្កិយើង និងមហាជនទូទៅឱ្យដឹងពីតម្លៃនៃសន្តិភាព»។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះហើយ បានធ្វើឱ្យប្រទេសជាតិ បញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បនេះ ហើយកត្តាសន្តិភាពនេះ ធ្វើឱ្យប្រជាជនខ្មែរទាំងអស់ រស់នៅដោយសុខក្សេមសាន្ត មានជីវភាពល្អប្រសើរ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បានបន្តថា បើប្រទេសជាតិមិនមានសន្តិភាពទេនោះ ការរស់នៅរបស់ប្រជាជនក៏ពុំបានសុខ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះ ក្នុងនាមជាប្រជាពលដ្ឋគ្នាត្រូវរួមសាមគីគ្នាការពារឱ្យបាននូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ចាប់តាំងពីបាតដៃទទេរហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៅកាន់គណៈគ្រប់គ្រង យោធាចារ្យ អ្នកបម្រើការ រួមទាំងនិស្សិតនាយទាហានបន្តវេន និងនិស្សិតនាយទាហានទ័ពជើងគោកគ្រប់ជំនាន់ ដែលកំពុងបំពេញកម្មសិក្សា នៅក្នុងវិទ្យាស្ថាន ពិសេសនិស្សិតនាយទាហានបន្តវេនជំនាន់ទី១៣ ដែលត្រូវបានបញ្ចប់វគ្គ និងនាយទាហានក្នុងវគ្គបំប៉នវិក្រឹតការនាយទាហានជំនាន់ទី៦ ដែលត្រូវបើកឱ្យរៀនសូត្រនាថ្ងៃនេះ ត្រូវ «អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»។ ដោយសាតែនយោបាយឈ្នះ ឈ្នះ ទើបប្រទេសយើងមានសុខសន្តិភាព ពិតប្រាកដ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន យោធាចារ្យ និងនិស្សិតនាយទាហានបន្តវេន និងនិស្សិតនាយទាហានទ័ពជើងគោកគ្រប់ជំនាន់ ដែលកំពុងបំពេញកម្មសិក្សានៅក្នុងវិទ្យាស្ថានទ័ពជើងគោក ជុំវិញការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការចេះជួយគ្នាទៅវិញទៅមក ដែលកន្លងមកនេះ បើតាមការពិនិត្យរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការឃើញថា បងប្អូនបានបំពេញការងារយ៉ាងល្អ និងចេះជួយគ្នាគ្រប់ការលំបាក នឹងគ្រប់កាលៈទេសៈ ក្នុងការជំរុញការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទបានជាច្រើនវគ្គ ច្រើនជំនាន់ប្រកបដោយគុណភាព។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំនាយទាហានយោធាចារ្យទាំងអស់ បន្តសិក្សាស្រាវជ្រាវ ចងក្រងរាល់ឯកសារខ្លឹមសារហ្វឹកហ្វឺននានា និងបទពិសោធន៍ទាំងឡាយ របស់កងយោធពលខេមរភូមិន្ទ ដើម្បីចងក្រងជាឯកសារសម្រាប់បន្តហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានវ័យក្មេងរបស់យើងឱ្យកាន់តែមានគុណភាពថែមទៀត។
បើតាមឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទទួលបន្ទុកផែនហ្វឹកហ្វឺន បានរាយការណ៍ឱ្យដឹងថា វិទ្យាស្ថានទ័ពជើងគោកបានទទួលបញ្ជាអោយធ្វើការហ្វឹកហ្វឺនវគ្គបណ្ដុះបណ្ដាលនាយទាហានបន្តវេនជំនាន់ទី១៣ ដែលមាននិស្សិតជាសិក្ខាកាមចូលបណ្ដុះបណ្ដាលចំនួន ១៧៦នាក់ ក្នុងនោះមាននិស្សិតនាយទាហានជានារីចំនួន ២៩នាក់ ដែលមានរយៈពេលហ្វឹកហ្វឺនរយៈពេល៦ខែ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទើបបញ្ចប់។
ដែលក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមនិស្សិតនាយទាហានបន្តវេនជំនាន់ទី១៣ ទាំង១៧៦នាក់ ទទួលបាននិទ្ទេសល្អ ១២០នាក់ និទ្ទេសល្អបង្គួរ ៤៣នាក់ និងនិទ្ទេសមធ្យម១៣នាក់។
ដោយឡែកក្នុងពិធីបិទវគ្គនាយទាហានបន្តវេនជំនាន់ទី១៣នេះដែរ វិទ្យាស្ថានក៏បានបន្តបើកវគ្គបំប៉នក្រឹតការនាយទាហានជាន់ទី៦ មួយវគ្គទៀត ទៅតាមបទបញ្ជារបស់អគ្គមេបញ្ជាការឱ្យដល់នាយទាហានដែលពុំធ្លាប់ឆ្លងកាត់វគ្គហ្វឹកហ្វឺន មានឋានន្តរសក្កិចាប់ពីថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់វរសេនីយ៍ឯក ក្នុងកងយោធពលខេមរភូមិន្ទ ចំនួន២០០នាក់ ដែលមានរយៈពេលរៀនសូត្រ ៤ខែ លើខ្លឹមសារមេរៀន អប់រំ វិន័យទូទៅលក្ខន្តិកៈ លិខិតបទដ្ឋានគតិយុត្ត ចំណេះដឹងយោធា អន្តរាវុធ ស្គាល់ពីប្រភេទទ័ព ស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងការងារផ្សេងៗ ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ទើបបញ្ចប់៕