(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបេីកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន ដែលបង្កដោយជនជាតិចិនដូចគ្នាមួយករណី នៅខណ្ឌចំការមន ក្រោយទទួលពាក្យបណ្ដឹងបាន៦ម៉ោង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វេីឡេីង នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែសីហា ក្រោយទទួលបានពាក្យបណ្ដឹងនៅវេលាម៉ោង៩ព្រឹក ចំណុចខុនដូរមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយទទួលបានពាក្យបណ្ដឹង និងមានបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញនាយកដ្ឋានដឹកនាំដោយអនុប្រធានាយកដ្ឋានពីររូប ស្រាវជ្រាវបង្ក្រាបបានតែម្ដង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ជាលទ្ធផល កម្លាំងជំនាញនាយកដ្ឋាន បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ទី១៖ឈ្មោះ TU JIAXIN អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ YANG CHUNPING អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ LI ZHIWEI អាយុ២៦ឆ្នាំ, ទី៤៖ឈ្មោះ XU YONGJUN អាយុ៣១ឆ្នាំ, ទី៥៖ឈ្មោះ XU HUICHENG អាយុ២៨ឆ្នាំ និងទី៦៖ឈ្មោះ LIAO XIANMIN អាយុ២៤ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន រថយន្ត០១គ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ2AN-8228 និងលិខិតឆ្លងដែនចំនួន០៨ក្បាល និងសំភារះពាក់ពន្ធមួយចំនួន ។
ឆ្លងតាមការសាកសួរ ជនសង្ស័យចំនួន០៦នាក់ខាងលើបានសារភាពថា ពួកខ្លួនពិតជាបាន បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ZHOU NA ភេទស្រី អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E០០៥៥៤០៣៩ ពិតប្រាកដមែន។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕