(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹង ស្ដីពីការរំលឹករលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២០។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែសីហានេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បាន បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។

ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២០នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ចៀសវាងបាននូវការ កកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តា រួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដារសង្ក់តធ្ងន់ថា ចំពោះការខកខានមិនបាន ដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញ មកបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕