(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេក នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោក អ៊ុង ឃៀន អាយុ ៤១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់យុវជន វ៉ន ខាវ អាយុ ១៩ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់ ក្នុងពេលបំពេញការងារជាកម្មករសំណង់នៅស្រុកស្អាង ខេត្តកណ្តាល។
ដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេច កាត់ដៃទាំងសងខាងត្រឹមកំភួនដៃដើម្បីសង្គ្រោះជីវិតរបស់អ្នករងគ្រោះដែលបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
យុវជន វ៉ន ខាវ កូនច្បង និងជាអ្នកបង្គោលនៅក្នុងគ្រួសារ ដែលមានស្រុកកំណើតនៅភូមិប្រស្នាធំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ហេីយដែលបានខិតខំតស៊ូដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារ ខណៈដែលមានប្អូនៗក្នុងបន្ទុកចំនួន៣នាក់ ចំណែកឯឪពុកជាកសិករពិការដៃម្ខាង និងម្តាយទើបសម្រាលកូនខ្ចីបាន១ខែ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់អ្នករងគ្រោះ ត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងខិតខំតស៊ូ ប្រឹងប្រែងដើម្បីជីវិតរស់នៅបន្តទៅទៀត។
ទន្ទឹមនឹងនេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងបង្ការខ្លួនពីចរន្តអគ្គិសនី ដោយត្រូវសិក្សារៀនសូត្រឱ្យមានជំនាញច្បាស់លាស់ និងត្រូវមានសម្ភារគ្រប់គ្រាន់សម្រាប់ការពារខ្លួនក្នុងពេលបំពេញការងារដែលពាក់ព័ន្ធនឹងចរន្តអគ្គិសនីនេះ។
ជាមួយគ្នានេះ លោក អ៊ុង ឃៀង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដើម្បីជួយសម្រាលដល់ជីវភាពរួមមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ២ឃីត និងថវិកា ១០លានរៀល៕