(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា គោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្ម ដោយជំរុញ និងបង្កើនការផលិតបន្លែសុវត្ថិភាព តាមរយៈការបំពាក់ផ្ទះសំណាញ់ និងបញ្ចូលបច្ចេកវិទ្យាថ្មីនៃការដាំដុះ និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ដាំដុះបន្លែ ជូនដល់កសិករ រយៈពេល១ឆ្នាំចុងក្រោយនេះ បានលេចចេញលទ្ធផលជាទីគាប់ចិត្ត ជាបណ្តើរៗហើយ។
លោកបានបន្តថា តាមអ្វីដែលកសិកររបស់យើង ធ្លាប់ប្រឈមធ្វើការដាំដុះបន្លែកន្លងមក ដែលយើងមិនដឹងនោះ គឺមានការប្រឈមទៅនឹងអាកាសធាតុ (ក្តៅខ្លាំងនៅរដូវប្រាំង និងភ្លៀងច្រើននៅរដូវវស្សា) និងជាពិសេសសត្វល្អិតបានកើតឡើងច្រើន នៅរដូវក្តៅ និងដើមរដូវវស្សា ហើយទាមទារនូវការប្រើប្រាស់ថ្នាំពុលលើសកម្រិត រួមជាមួយនឹងវិធានការជាច្រើនទៀត ហើយទទួលបានប្រាក់ចំណូលទាបបំផុត ទន្ទឹមនឹងនេះបានដាក់បន្ទុកទៅលើកសិករ និងមន្រ្តីកសិកម្ម មិនយកចិត្តទុកដាក់ក្នុងការបង្កើនផលិតស្បៀងនៅក្នុងស្រុក។
លោកបញ្ជាក់ទៀតថា តាមរយៈការផ្តល់ជូននូវបច្ចេកវិទ្យាថ្មីនៃការដាំដុះដល់កសិករ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ យើងបានពិនិត្យឃើញថា ប្រជាជនមានការពេញចិត្ត ក្នុងការបង្កើនការដាំដុះរហូតទៅដល់ពី៥ ទៅ៦ដងក្នុងមួយឆ្នាំ ហើយមិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត ហើយក៏មានការបញ្ជាទិញពីទីផ្សារមានការកើនឡើងខ្ពស់ផងដែរ។
លោកបានលើកឡើងដូច្នេះថា «លទ្ធផលដែលយើងទទួលបានជាទីគាប់ចិត្ត ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលបាននិងកំពុងលេចចេញជាបណ្តើរៗ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយ នៃការធ្វើទំនើបកម្មកសិកម្ម ដោយជំរុញ និងបង្កើនការផលិតបន្លែសុវត្ថិភាព នៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលជាបណ្តើរៗ តាមរយៈការបំពាក់ផ្ទះសំណាញ់ និងបញ្ចូលបច្ចេកវិទ្យាថ្មីនៃការដាំដុះ និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកជូនដល់កសិករ»។
ជាមួយគ្នានេះ តាមរយៈលទ្ធផលដ៏ល្អប្រសើរដែលកំពុងទទួលបាននេះ លោករដ្ឋមន្ត្រី វេង សាខុន បានបង្ហាញនូវក្តីសង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងអស់ និងក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុកដាក់ និងបង្កើនទុនវិនិយោគជួយកសិករយើងបន្ថែមទៀត នាពេលខាងមុខនេះ៕