(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនលក់គ្រឿងសំអាងមួយ ពាក់ព័ន្ធករណីលួចដកប្រាក់។
លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះថា ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកបានបន្តថា ជនសង្ស័យឈ្មោះ យ៉ូង វុទ្ធី ហៅ សេង ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅចំណុចផ្លូវលេខ៤៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាបុគ្គលិកគ្រប់គ្រងផេករបស់ក្រុមហ៊ុនលក់គ្រឿងសំអាងមួយ បានលួចដកប្រាក់ ដោយយកលេខកូដដកប្រាក់ ពេលដែលអតិថិជនកម្មង់គ្រឿងសំអាង ផ្ញើលេខចូលមក Page Messenger របស់ក្រុមហ៊ុន រួចជនសង្ស័យបានលួចយកលេខកូដនោះ និងទូរស័ព្ទ ទៅដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទក្រោមការត្រួតពិនិត្យពីបទ «លួច»៕